Monday, July 7, 2025
Homeព័ត៌មានជាតិរូបរាងសង្ហា ជិះឡានទំនើប សំញែងកាំភ្លើងវែងខ្លី ជាប់ខ្នោះប៉ូលិស

រូបរាងសង្ហា ជិះឡានទំនើប សំញែងកាំភ្លើងវែងខ្លី ជាប់ខ្នោះប៉ូលិស

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តកំពង់ចាម បានធ្វើប្រតិបត្តិការឃាត់ខ្លួនប៉ូលិសទំនើង នៅសុខៗបានថតរូបសំញែងកាំភ្លើងវែងខ្លីចំនួន២ដើមនៅក្នុងរថយន្តរបស់ខ្លួន ដែល កំពុងបើកបរលើដងផ្លូវ រួចបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបង្អួតគេឯង រហូតធ្វើឱ្យកើតមានការចែកចាយ និងរិះគន់ ព្រមទាំងសំណូមពរ ឱ្យសមត្ថកិច្ចចាត់វិធានការណ៍ជាបន្ទាន់ ទីបំផុត រយៈពេលប៉ុន្មានម៉ោងក្រោយមក ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់បានទាំងមនុស្សទាំងកាំភ្លើង នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចភូមិសាស្ត្រ ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

គួរបញ្ជាក់ថា កាលពីវេលាព្រលប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kongkia VS បានបង្ហោះរូបសំញែងកាំភ្លើងវែងខ្លីចំនួន២ដើម  នៅក្នុងរថយន្តទំនើបរបស់ខ្លួន ដែលកំពុងបើកបរលើដងផ្លូវ រួចបង្ហោះសារចម្លែកមួយឃ្លាថា “ទៅស៊ីរោងការគេនៅកំពង់ចាម see ya soon Kpc”។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលមានគណនីហ្វេសប៊ុកឈ្មោះ Kongkia VS ហើយបង្ហោះរូបភាពបង្អួតកាំភ្លើងច្រងេងច្រងាងលើតាប្លូរថយន្ត ទាំងកំពុងបើកបរនៅលើដងផ្លូវផងនោះ មានឈ្មោះលី វណ្ណៈ អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលបម្រើការនៅក្រសួងមហាផ្ទៃ មានលំនៅក្នុងភូមិ១ ផ្លូវ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកគួច ចំរើន អភិបាល ខេត្តកំពង់ចាម លោកបានចេញបទបញ្ជាដល់ជំនាញពាក់ព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណបុគ្គលនេះ ព្រមទាំងបញ្ជាឱ្យអធិការស្រុក-ក្រុងទាំង១០ កំណត់គោលដៅស្វែងរកជាបន្ទាន់។ រហូតដល់ម៉ោង១០យប់ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានស្វែងរកឃើញបុគ្គលរូបនេះឃើញនៅត្រង់ចំណុចមុខវត្តត្រពាំងព្រះ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ រួចក៏ឃាត់នាំខ្លួនមកកាន់អធិការដ្ឋាន និងត្រួតពិនិត្យឆែកឆេរ លើរថយន្តម៉ាកឡង់រ៉ូវ៉ែ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2U-0199 ឃើញមានអាវុធវែងខ្លីចំនួន២ដើម រួមមាន ប្រភេទអាកាស្វាយវែង ១ដើម លេខ៤៣៦២ បង់១គ្មានគ្រាប់ និងអាវុធខ្លី១ដើម ម៉ាក Pak លេខ ០៨១៦.០០១០៤៨ បង់១ មានគ្រាប់៦គ្រាប់។ ដោយឡែក អាវុធនេះជនសង្ស័យបានសារភាពថា ជារបស់បងឈ្មោះហាក់ ប៉េងឃីម អាយុ៣៤ឆ្នាំ រស់នៅជាមួយគ្នា មានមុខរបរមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ទៀតថា ក្រោយសួរនាំអាវុធទាំងពីរដើម និងរថយន្តមួយគ្រឿងខាងលើ និងជនសង្ស័យនេះគ្មានអត្តសញ្ញាណសម្គាល់អ្វីទាំងអស់ ហើយជនសង្ស័យបានធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនឃើញថា វិជ្ជមាន (មានសារធាតុញៀន) ខណៈដែលខ្លួនជិះរថយន្តពីភ្នំពេញ មកចូលរួមពិធីមង្គលការមួយនៅភូមិព្រៃទទឹង។

វត្ថុតាងរថយន្ត និងអាវុធ២ដើមខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបានដកហូត និងឃាត់ខ្លួនជនសង្ស័យ តាមបញ្ជាផ្ទាល់មាត់ លោកហួត វុទ្ធី ព្រះរាជអាជ្ញា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES