ភ្នំពេញ ៖ អំពើហិង្សាដោយចេតនាមួយ កើតឡើងដោយសារក្មេងស្ទាវឈាមរាវចំនួន៤នាក់ ទី១-ឈ្មោះនាង ឧត្តម អាយុ១៨ឆ្នាំ ទី២-ឈ្មោះម៉ុន សេងហុក អាយុ១៩ឆ្នាំ ទី៣-ឈ្មោះស៊ុន សិឡា អាយុ២១ឆ្នាំ និងទី៤-ឈ្មោះសួន ណាស្រី អាយុ២៤ឆ្នាំ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងបុរសម្នាក់ មានឈ្មោះង៉ែត វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ រហូតដល់ទប់កំហឹងមិនបាន ក៏ព្រួតគ្នាទាញកាំបិតនិងដុំថ្ម វាយកាប់ចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់ និងត្រូវក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ទាំង៤នាក់ ត្រូវសមត្ថកិច្ចចុះក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី២ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមក្មេងទំនើងទាំង៤នាក់ ដែលបានផឹកស៊ីស្រវឹងជោកជាំ មិនដឹងជាមានគំនុំអ្វីជាមួយនឹងជនរងគ្រោះ ក៏បាននាំគ្នាទៅរករឿងឈ្លោះប្រកែកជាមួយជនរងគ្រោះ បន្ទាប់មកក៏ព្រួតគ្នាទាញដុំថ្ម និងកាំបិតប៉័ង តោចូលទៅវាយ និងកាប់ប្រហារជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនក្រុមជនដៃដល់ទាំង៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំបិតប៉័ងតោចំនួន២ដើម ដុំថ្ម២ដុំ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1CE-8857 និងបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕