ភ្នំពេញ ៖ ក្រោយពីទទួលមរណភាពកាលពីយប់មិញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រូបថតPre Wedding របស់គ្រូល្បុក្កតោ និល សីហា និងគូដណ្តឹង បានបែកធ្លាយ ធ្វើឲ្យមហាជនមានចិត្តអាណិតអាសូរសោកស្តាយជាខ្លាំង ដែលមិនគួរគូដណ្តឹង១គូនេះ ត្រូវព្រាត់និរាសគ្នាឆាប់បែបនេះសោះ ទុកឲ្យនារីជាគូដណ្តឹងរស់នៅកន្តោចកណ្តែងបាត់បង់មនុស្សជាទីស្រលាញ់បែបនេះសោះ។
រូបថត Pre Wedding ប៉ុន្មានសន្លឹកដែលបង្ហាញថា ខាងប្រុសស្ពាយបង្វេច ឱបខាងស្រី លាទៅឆ្ងាយ កំពុងអង្រួនបេះដូងអ្នកតាមដានឲ្យមានចិត្តសង្វេគ មិនគួរណារូបប៉ុន្មានសន្លឹកនេះ ក្លាយជាការពិត ខណៈដែលពេលនេះ ខាងប្រុសបានលាចាកលោក ចាកចេញពីនារីជាគូដណ្តឹងដ៏ស្រស់សោភាលឿយ៉ាងនេះសោះ។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GN-7388 ត្រឡប់មកផ្ទះវិញជាមួយួមិត្តភក្តិទៀតនៅពីក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ដៃចង្កូតជាមួយរ៉ឺម៉កបណ្តាលឱ្យដួលម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀត មកពីក្រោយបានកិនចំក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកណ្តាលទ្រូងផ្លូវ ចំណែកមិត្តភក្តិម្នាក់អង្គុយពីក្រោយសន្លប់បាត់ស្មារតីអស់មួយសន្ទុះ ធ្វើឱ្យនារីជាគូដណ្តឹង ទួញយំឱបសពបុរសជាគូដណ្តឹង ដោយក្តីសោកអាល័យ ជាទីបំផុត មិនគួរកម្មតាមពង្រាត់ នៅសល់តែ១៧ថ្ងៃទៀតចូលរោងការ បែរជាជួបរឿងព្រាត់និរាសបែបនេះទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវលេខ២១៧ ជិតស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
បុរសរងគ្រោះដែកស្លាប់បាត់បង់ជីវិតិ មានឈ្មោះនិល សីហា អាយុ២៧ឆ្នាំ ជាគ្រូបង្វឹកល្បុក្កតោ ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានគូដណ្តឹងឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
ក្រោយកើតហេតុ ភ្លាមៗ រថយន្តបង្ក និងរ៉ឺម៉កដែលបើកប៉ះម៉ូតូជាមួយជនរងគ្រោះ បានបន្ថែមល្បឿនបើកគេចចេញបាត់ពីកន្លែងកើតហេតុរៀងខ្លួន។ បន្ទាប់មកបុរសជាមិត្តភក្តិជនរងគ្រោះដឹងខ្លួនឡើងវិញ ទើបទាក់ទងផ្តល់ដំណឹងដល់នារីជាគូដណ្តឹងជនរងគ្រោះឱ្យបានដឹង និងមកមើលជនរងគ្រោះដល់ទីតាំងកើតហេតុ។
បន្ទាប់ពីធ្វើដំណើរមកដល់កន្លែងកើតហេតុ ឃើញបុរសជាគូដណ្តឹងស្លាប់ផ្កាប់មុខក្នុងថ្លុកឈាម កណ្តាលទ្រូងផ្លូវបែបនេះ ធ្វើនារីជាគូដណ្តឹងរន្ធត់ចិត្តទួញយំសោកបោកខ្លួន ឱបសពបុរសជាគូដណ្តឹង រៀបរាប់បង្ហាញទំហំទឹកចិត្តស្តាយស្រណោះយ៉ាងធំធេង ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
បើយោងតាមធៀបការដែលខ្ទាតរាយប៉ាយពេញផ្លូវ បានបង្ហាញឱ្យដឹងថា ជនរងគ្រោះឈ្មោះនិល សីហា នឹងនារីជាគូដណ្តឹង ឈ្មោះពៅ ពិសិដ្ឋ នឹងត្រូវចូលរោងជ័យ សំពះក្រាបផ្ទឹមទទួលពរជ័យពីមេបាទាំងសងខាង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ខាងមុខ នេះហើយ ពោលគឺនៅសល់ត្រឹមតែរយៈពេល១៧ថ្ងៃទៀតប៉ុណ្ណោះ ស្រាប់តែមកជួបរឿងព្រាត់និរាសបែបនេះតែម្តង។
បន្ទាប់ពីចុះធ្វើការវាស់វែងកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ទទួលយកទៅវិញ នៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃវែង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕