ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មានឈ្មោះចេង ប្រុស អាយុ៤៥ឆ្នាំ មុខរបរនេសាទ មានប្រពន្ធឈ្មោះជិន ម៉ៅ អាយុ៤៤ឆ្នាំ បានក្រោកតាំងពីពាក់កណ្តាលអធ្រាត្រ ចេញទៅលើកមង ស្រាប់តែបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញ លុះស្ត្រីជាប្រពន្ធតាមទៅរក ក៏ប្រទះឃើញប្តីរុំជាប់ជាមួយមង លង់ទឹកស្លាប់គួរឱ្យសង្វេគ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចអូតាជ្រាំ ខាងត្បូងភ្នំកូនដំរីចំងាយ៨៥០ម៉ែត្រ ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានបង្កើតគណៈកម្មការមានគ្រូពេទ្យមណ្ឌលសុខភាពចូលរួមផងដែរ ធ្វើកោសល្យវិច័យ ពិនិត្យលើខ្លួនប្រាណសពឈ្មោះចេង ប្រុស ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ តាមការសន្និដ្ឋានការស្លាប់នេះ ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕