ខេត្តបន្ទាយមានជ័យ ៖ បុរសជាកំលោះចាស់ម្នាក់ មានឈ្មោះចាន់ នឿត អាយុ៤៤ឆ្នាំ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏ជិះកង់ចេញទៅ រកលើកមងតែម្នាក់ឯង ស្រាប់តែអកុសល រេចង្កូតធ្លាក់ទឹកប្រឡាយ បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣ និង ៥៤នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចប្រឡាយទឹកខាងត្បូងភូមិបឹងត្រស់ ចំងាយប្រមាណ១០០០ម៉ែត្រ ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី។
តាមការបំភ្លឺពីលោកមេភូមិ និងពលរដ្ឋដែលនៅក្នុងភូមិជាអ្នកជិតខាងថា ជនរងគ្រោះជាមនុស្សស្រវឹងខួប ហើយរស់នៅម្នាក់ឯង គ្មានប្រពន្ធកូននៅជាមួយទេ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់ចេញពីផ្ទះតែម្នាក់ឯង បំណងទៅលើកមង ស្រាប់តែអកុសល ដោយសារតែស្រវឹងទោទន់ខ្លាំងពេក ទើបធ្វើឱ្យទប់ចង្កូតមិនជាន់ ក៏ជ្រុលធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យលង់ទឹកស្លាប់គ្មានអ្នកបានដឹងតែម្តង។
ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នកភូមិម្នាក់ឈ្មោះអឿ សារ៉ាត់ អាយុ៣៧ឆ្នាំ ទើបដឹងដើរត្រឡប់មកពីស្រែវិញ ក៏ស្រាប់តែប្រទះឃើញ ជនរងគ្រោះខាងលើដេកស្លាប់នៅក្នុងប្រឡាយទឹក ទើបរត់មករាយការណ៍ប្រាប់មេភូមិ និងបន្តរាយការណ៍ ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានបង្កើតគណៈកម្មការមានគ្រូពេទ្យមណ្ឌលសុខភាពចូលរួមផងដែរ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕