ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានបុរសម្នាក់ទើបចេញពីពន្ធនាគារបាន១ខែ ក៏ដើរផឹកស៊ីស្រវឹងជោកជាំ លុះត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿង ឈ្លោះប្រកែកជាមួយប្រពន្ធ និងបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ តែមិនទាន់អស់ចិត្ត ក៏ទាញកាំបិតដេញកាប់ប្រពន្ធកូន រត់ចែកជើង គ្នាទាំងភ្នែកនៅកញ្ចឹងក លុះស្ត្រីជាប្រពន្ធទ្រាំនឹងទង្វើប្តីកំណាចមិនបាន ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ជនកំណាចរូបនេះញាត់គុកវិញ នៅចំណុចភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ លុះក្រោយពីស្ត្រីជាប្រពន្ធដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យខាងលើបាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ជនសង្ស័យជាប្តី មានឈ្មោះស្រេង ពុត អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបចេញពីពន្ធនាគារបានកន្លះខែ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះហ៊ល ចាន់ធឿន អាយុ៥០ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធខាងលើ មាន លំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ច ដកហូតបាន រួមមានកាំបិតប៉័ងតោដងជ័រប្រវែង២៨សង់ទីម៉ែត្រចំនួន១ និងកូនកាំបិតចុងស្រួចដងជ័រ ប្រវែង២៨សង់ទីម៉ែត្រ ចំនួន១។
ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់បុរសជាប្តីលែងបាន ទើបនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធ ក៏សម្រេចដាក់ពាក្យ បណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី ដើម្បីធ្វើការចាប់ខ្លួនប្តីកំណាចយកទៅចាត់ការតាមច្បាប់។
ក្រោយពីសមត្ថកិច្ចនគរបាលទទួលបានពាក្យបណ្តឹង ពីស្ត្រីរងគ្រោះរួចហើយ កម្លាំងនគរបាលបានចុះធ្វើការចាប់ខ្លួនបុរសជាប្តី រួចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវិធី៕