Monday, July 7, 2025
Homeព័ត៌មានជាតិឮគេអួតដីលក់បានលុយ២លានដុល្លារ វេរលុយឲ្យជាង៦មុឺនដុល្លារ ទើបដឹង....

ឮគេអួតដីលក់បានលុយ២លានដុល្លារ វេរលុយឲ្យជាង៦មុឺនដុល្លារ ទើបដឹង….

ខេត្តកំពង់ចាម ៖ ស្ត្រីជាកំពូលអ្នកបោកលុយតាមទូរស័ព្ទម្នាក់ បានធ្វើសកម្មភាពឆបោកប្រាក់ពីអាជីវករលក់គ្រឿងទេសម្នាក់ រហូតបានប្រាក់ប្រមាណជាង65000ដុល្លារ លុះជនរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន ខណៈដែលស្ត្រីសង្ស័យ និងប្តីកំពុងចេញទៅដកលុយនៅផ្ទះវីង1កន្លែង។

ស្ត្រីជាកំពូលអ្នកឆបោកលុយតាមទូរស័ព្ទ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ប៉ោ សម្បត្តិ អាយុ43ឆ្នាំ មានលំនៅក្នុងភូមិស្វាយក្រោម ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ។ ចំណែកបុរសរងគ្រោះឈ្មោះ ជី ហ៊ាង អាយុ52ឆ្នាំ រស់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី18 ខែធ្នូ ឆ្នាំ2018 បុរសរងគ្រោះឈ្មោះ ជី ហ៊ាង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ស្ត្រីឆបោកខាងលើ ដែលបានបោកប្រាស់លុយរបស់ខ្លួន ចំនួនរហូតទៅដល់65000ដុល្លារ។ ក្រោយពីបានទទួលបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានស្នើសុំគោលការណ៏ពីលោកឧត្តមសេនីយ៏ទោ ឯម កុសល ស្នងការនគរបាលខេត្ត ។

ប្រភពដដែលបន្តថា បន្ទាប់មក លោកឧត្តមសេនីយ៏ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត បានដឹកនាំសហការី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីតាមប្រមាញ់ជនសង្ស័យឆបោកខាងលើ។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់ព្រឹកថ្ងៃទី19 ខែធ្នូ ឆ្នាំ2018 ជនរងគ្រោះ ក៏បានប្រើល្បិចដាក់លុយចំនួន3300ដុល្លារ វេរទៅស្ត្រីជាជនឆបោកខាងលើ។ បន្ទាប់មក ស្ត្រីជាជនឆបោក បានឱ្យប្តីឈ្មោះសឿ សុធី អាយុ41ឆ្នាំ ដឹកមកដកលុយនៅកន្លែងវីងមួយកន្លែង នៅស្វាយសាច់ភ្នំ ក៏ត្រូវបានចាប់ខ្លួនតែម្តង ដោយដកហូតបានម៉ូតូ1គ្រឿងជាមធ្យោបាយ។

តាមការបញ្ជាក់ប្រាប់ពីជនរងគ្រោះ នៅមុនពេលកើតីហេតុ កាលពីឆ្នាំ2016 ស្ត្រីសង្ស័យឈ្មោះប៉ោ សម្បត្តិ បនាប្រើលេខទូរស័ព្ទ 089 239 557 ចុចមកចូលគាត់ជាជនរងគ្រោះ ដោយចៃដន្យ និងបាននិយាយថា ដូចជាមាននិស្ស័យ ហើយក៏បានស្គាល់គ្នារាប់អានគ្នាទៅវិញទៅមក។ ក្រោយមកទៀត ស្ត្រីសង្ស័យក៏បានខលមកអួតថា ខ្លួន (ស្រីសង្ស័យ) មានដីមួយកន្លែងទំហំ50ម៉ែត្រ គុណ300ម៉ែត្រនៅក្រវាញ ក្នុងខេត្តពោធិ៍សាត់ បើលក់វិញបាន2លានដុល្លារ ហើយបន្ទាប់មក ក៏ចាប់ផ្តើមត្អូញត្អែរពីនេះពីនោះ និងបានស្នើឱ្យគាត់វេរលុយឱ្យបន្តបន្ទាប់ ព្រោះសង្ឃឹមថា បានដី​ សូម្បីតែមុខក៏មិនដែលបានជួបគ្នាដែរ។

ជនរងគ្រោះ បន្តថា រហូតមកដល់ថ្ងៃចុងក្រោយថ្ងៃទី17 ខែធ្នូ ឆ្នាំ2018 ខាងស្រីសង្ស័យបានសុំឱ្យវេរលុយចំនួន3300ដុល្លារ ថា យកទៅដាក់កំណល់គ្រូ ព្រោះខ្លួនត្រូវអំពើគេ។ ក្រោយមក គាត់ជាជនរងគ្រោះបានសួររកប្លង់ដី តែខាងស្ត្រីសង្ស័យជាជនឆបោកបានឆ្លើយពង្វាង ដូចមិនចង់ឱ្យ ដោយអះអាងថា ប្លង់នៅឯខេត្តកំពង់ធំ ឯណោះ ជាហេតុធ្វើឱ្យគាត់ចាប់ផ្តើមសង្ស័យ ក៏ឆ្លើយពន្យារពេលផ្ញើលុយឱ្យស្ត្រីសង្ស័យ រួចក៏រត់ទៅប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។ លុះមកដល់ព្រឹក ថ្ងៃទី19 ខែធ្នូ ឆ្នាំ2018 គាត់និងសមត្ថកិច្ចបានសហការគ្នា បញ្ឆោតឱ្យស្ត្រីសង្ស័យចេញមុខ ដោយគាត់បានប្រាប់ថា គាត់បានវេរលុយទៅឱ្យហើយ ទើបស្ត្រីសង្ស័យបានឱ្យប្តីដឹកតាមម៉ូតូមកដកលុយ រួចក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។

ជាមួយនោះ ភាគីខាងរងគ្រោះបានរកមេធាវីម្នាក់ឱ្យជួយការពារក្តីរឿងនេះ ដើម្បីទាមទារលុយដែលបានបាត់បង់មកវិញ ហើយខាងស្ត្រីឆបោកក៏មិនបានចាំថា លុយទាំងអស់មានចំនួនប៉ុន្មានដែរ។

ជនសង្ស័យទាំង2នាក់ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES