Monday, July 7, 2025
Homeព័ត៌មានជាតិឪបាញ់ម៉ែស្លាប់ទាំង២នាក់ កូនជាប់បំណុលតុងទីន ពេលនេះ ឯកឧត្តមម្នាក់កំពុងតាមដានអ្នកអនុវត្តន៍ច្បាប់

ឪបាញ់ម៉ែស្លាប់ទាំង២នាក់ កូនជាប់បំណុលតុងទីន ពេលនេះ ឯកឧត្តមម្នាក់កំពុងតាមដានអ្នកអនុវត្តន៍ច្បាប់

ខេត្តកំពង់ធំ ៖ ករណីឃាតកម្មដ៏រន្ធត់ ប្តីផ្ទុះភ្លើងប្រចណ្ឌ ទាញកាំភ្លើងបាញ់ប្រពន្ធស្លាប់ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បានបន្សល់ទុកកូនប្រុសស្រី២នាក់ ឱ្យរស់នៅកំព្រារងាគ្មានទីពឹង ស្រាប់តែពិធីបុណ្យ៧ថ្ងៃ មិនទាន់ចប់ស្រួលបួលផង បែរជាយុវជនជាកូនប្រុសរបស់សព ត្រូវជាប់បណ្តឹងជំនួសឪពុកម្តាយ រឿងបំណុលតុងទីនទៅវិញ ជាហេតុធ្វើ ឱ្យមហាជនផ្ទុះប្រតិកម្មយ៉ាងខ្លាំង។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ គណនីហ្វេសប៊ុក Sour Nii បានបង្ហោះលិខិតកោះអញ្ជើញរបស់កងរាជអាវុធហត្ថ ខេត្តកំពង់ធំ កោះហៅយុវជនជាកូនប្រុសសពប្តីប្រពន្ធ ដែល បាញ់សម្លាប់គ្នា ព្រោះភ្លើងប្រចណ្ឌនោះ ចូលខ្លួនទៅដោះស្រាយករណីតុងទីនរបស់ឪពុកម្តាយ។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានសរសេរថា “ឪពុកម្តាយស្លាប់ តុងទីន ត្រូវជាប់ជាបទព្រហ្មទណ្ឌ? ចង់សួរទៅបងប្អូន ពូមីងថា ពេលលេងតុងទីន ដែលប្រាប់កូនៗទេ? ឪពុកម្តាយស្លាប់ មានតែពីរនាក់បងប្អូន ហើយប្អូនស្រីនៅតូច ខ្លួនទើបអាយុ២១ ឥឡូវគេប្តឹងទៅដោះស្រាយរឿងតុងទីនម្តាយ ទាំងគ្នាមិនបានដឹងអ្វីសោះ ឯណាឯកសារ​ចំនួនទឹកលុយ គ្នាមិនដែលឃើញ តើឱ្យដោះស្រាយរបៀបណា? តើករណីខាងមន្ត្រីនគរបាលយុត្តិធម៌ អង្គភាពមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថ កោះហៅទៅដោះស្រាយរឿងតុងទីននេះ ត្រូវឬអត់ ជួយប្រាប់ផងបានទេ? តើកូនមានពាក់ព័ន្ធទេ? បើមាន តើមាត្រាទីប៉ុន្មាន ហើយចែងក្នុងច្បាប់ណា? ជួយស៊ែរផងបងប្អូនពូមីង លោកតាលោកយាយអើយ…”។

លិខិតអញ្ជើញរបស់ការិយាល័យបទល្មើសព្រហ្មទណ្ឌ អង្គភាពមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យ មានខ្លឹមសារថា យើងវរសេនីយ៍ត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ ជាមន្ត្រីនគរបាលយុត្តិធម៌ អង្គភាពមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ។

 

សូមអញ្ជើញឈ្មោះហេង ដេវិដ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនា ព្រះពុទ្ធ លំនៅបច្ចុប្បន្ន ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឱ្យចូលមកកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ធំ វេលាម៉ោង៨និង៣០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីមកដោះស្រាយដំណើររឿងតុងទីន ដែលមានការពាក់ព័ន្ធជាមួយឈ្មោះអ៊ឹង សៀវហៀង ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សាមីខ្លួនត្រូវចូលមកឱ្យទាន់ពេលវេលា និងយកជាមួយនូវលិខិតស្នាមផ្សេងៗ ដែលទាក់ទិនក្នុងករណីខាងលើ ប្រសិនបើមាន…”។

ជុំវិញករណីខាងលើនេះដែរ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានលើកឡើងថា ជារឿងអយុត្តិធម៌ណាស់ ដែលឪពុកម្តាយស្លាប់ កូនជាប់បំណុលតុងទីន ជំនួសម្តាយបែបនេះ។ ដូច្នេះ លោកនឹងតាមដានករណីនេះ រហូតដល់ទីបញ្ចប់។

លោកពេជ្រ ស្រស់ បានសរសេរក្នុងទំព័ររបស់លោកនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ថា “បងប្អូននៅចាំទេ ប្តីសម្លាប់ប្រពន្ធ ហើយសម្លាប់ខ្លួនឯងទៀត ទុកឱ្យកូនពីរនាក់កំព្រោទៀតនោះ ឥឡូវនេះប្អូនៗទាំងពីរនាក់នេះមិនមែនតែកំព្រែតមួយមុខទេ ថែមទាំងរងាទៀត ដោយសារត្រូវជាប់បណ្តឹងជំនួសឪពុកម្តាយករណីតុងទីន។ ករណីកូនត្រូវតែទទួលបន្ទុកបទល្មើសពីឪពុកម្តាយ បើតាមខ្ញុំដឹង គ្មានច្បាប់ចែងទេ ប៉ុន្តែមិនដឹងពេលនេះ ច្បាប់បែបនោះ ចែងហើយឬនៅ? ផ្លូវច្បាប់បុគ្គលទី២ ទី៣ មិនជាប់ពាក់ព័ន្ធនឹងបទល្មើសទេ បើមិនបានចូលរួមកសាងបទល្មើសនោះ។ ចុះកូនពីរនាក់នេះវិញ អាចក្លាយជាជនចូលរួមកសាងនូវបទល្មើស ដែរទេ ករណីឪពុកម្តាយ របស់គាត់លេងតុងទីន នោះ? ហើយត្រូវឱ្យកូនៗ ទទួលបន្ទុកជំនួសឪពុកម្តាយខ្លួននោះ… ច្បាប់គ្មាននូវមនោសញ្ចោតនាទេ ប៉ុន្តែច្បាប់មានគុណធម៌ គឺធានាភាពយុត្តិធម៌ជូនមនុស្ស ជាប់កាតព្វកិច្ចគោរពច្បាប់ បើយើងនិយាយពីកូនៗទាំង២នាក់នេះវិញ សូម្បីតែអាយុក៏មិនទាន់ជាប់កាតព្វកិច្ចទទួលខុសត្រូវនៅចំពោះមុខច្បាប់ឱ្យពេញលេញផង។ ឪពុកម្តាយស្លាប់ចោលហើយ ខ្លួនត្រូវជាប់នូវពាក្យបណ្តឹង ករណីឪពុកម្តាយលេងតុងទីនទៀត ដូចជាអយុត្តិធម៌ពេកហើយ! ខ្ញុំនឹងតាមដានករណីនេះឱ្យដល់ទីបញ្ចប់ ដើម្បីមើលអ្នកអនុវត្តច្បាប់ សម្រេចយ៉ាងណាចំពោះក្មេងកំព្រាពីរនាក់នោះ…”។

ដោយឡែក តាមប្រភពព័ត៌មានមួយផ្សេងទៀត បានឱ្យដឹងថា ករណីខាងលើនេះ មិនមែនជាការប្តឹងកូនឱ្យសងលុយតុងទីនជំនួសឪពុកម្តាយនោះទេ ប៉ុន្តែមេតុងទីនបានយកលុយចំនួន៨ពាន់ដុល្លារ ទៅឱ្យកូនរបស់ជនរងគ្រោះ និងស្នើសុំឱ្យអាជ្ញាធរជួយដឹងឮ ទើបជាមូលហេតុនាំឱ្យមានលិខិតកោះអញ្ជើញខាងលើ។

ទាក់ទងទៅនឹងករណីខាងលើនេះ លោកវរសេនីយត្រី ផុន សុផល នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ថា មូលហេតុដែលលោកចេញលិខិតកោះអញ្ជើញឈ្មោះហេង ដេវិត ហៅឃែ នេះ គឺមានហេតុផលចំនួន២។ ទី១-គឺមានមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ ឈ្មោះគង់ ឈុនលី បានលេងតុងទីនជាមួយស្ត្រីរងគ្រោះឈ្មោះស៊ុន ពៅ នៅមិនទាន់បានទូទាត់គ្នារួច ខណៈស្ត្រីមេតុងទីននេះបានស្លាប់ ទើបឈ្មោះគង់ ឈុនលី សុំឱ្យគាត់អញ្ជើញកូនប្រុសរបស់ជនរងគ្រោះមកដោះស្រាយ ឱ្យដឹងឮថា ម្តាយនៅជំពាក់លុយថ្លៃតុងទីនប៉ុន្មានទៀត ដើម្បីឱ្យជួយចេញសងជំនួស។ ចំណែកហេតុផលទី២-ការហៅមកជួបនេះ ក៏ដើម្បីសាកសួរ នាំពីរឿងកាំភ្លើង ដែលឪពុករបស់គាត់ បានយកមកបាញ់សម្លាប់ម្តាយ និងបាញ់សម្លាប់ខ្លួនឯង ដែរនេះថា បានមកពីណា? ក៏ប៉ុន្តែការអញ្ជើញរបស់លោក មិនទាន់ត្រូវបាន ឈ្មោះហេង ដេវិត មកជួបនោះទេ ស្រាប់តែទៅយកលិខិតអញ្ជើញរបស់គាត់ទៅបង្ហោះវិញ ធ្វើឱ្យលោកមានការងឿងឆ្ងល់ដែរ។

ទោះជាយ៉ាងណា រឿងរ៉ាវចម្រូងចម្រាស ខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពីសាមីខ្លួនកូនប្រុសជនរងគ្រោះបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់។

គួររំលឹកថា កាលពីវេលាម៉ោង៨និង៣០ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ដោយបុរសជាប្តីបានបាញ់សម្លាប់ប្រពន្ធព្រោះភ្លើងប្រចណ្ឌ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។

បុរសជាប្តីដែលបាញ់សម្លាប់ប្រពន្ធ រួចបាញ់ខ្លួនឯងធ្វើអត្តឃាតនោះ មានឈ្មោះហេង សុវណ្ណរ៉ា ហៅខ្លឹង អាយុ៤៧ឆ្នាំ ជាអតីតទាហានពិការ (ស៊ីឈ្មោះពិការពីឈ្មោះវ៉ាន់ ធី កងពលតូចអន្តរាគមន៍លេខ១២ ឈរជើងនៅអានសេះ ខេត្តព្រះវិហារ) សព្វថ្ងៃប្រកបរបរលក់បាយ គុយទាវ កាហ្វេ និងលាងរថយន្ត នៅទីតាំងកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះស៊ុន ពៅ អាយុ៣៧ឆ្នាំ មុខរបរលក់បាយ។ ប្តីប្រពន្ធទាំង២នាក់ ខាងលើ មានកូនប្រុសម្នាក់ ឈ្មោះហេង ដេវិត ហៅឃែ (ជាកូនបង្កើត) និងកូនចិញ្ចឹមស្រីម្នាក់ទៀត ឈ្មោះរចនា អាយុ៧ឆ្នាំ។

យោងតាមប្រភពពីសាច់ញាតិ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធខាងលើនេះ រស់នៅកន្លងមក មិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ចេះតែកើតមានរឿងរ៉ាវរកាំរកូសជាប់ជាប្រចាំ ព្រោះតែបុរសជាប្តីតែងរករឿងឈ្លោះទាស់ទែងជាមួយប្រពន្ធជាញឹកញាប់ ដោយសារតែភ្លើងប្រចណ្ឌ ហើយមួយរយៈមុននេះ បុរសជាប្តីធ្លាប់បានច្របាច់កប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយបងប្អូនចេះតែប្រាប់ស្ត្រីជាប្រពន្ធថា កុំឱ្យតមាត់ជាមួយប្តីអី ខ្លាចក្រែងមានរឿងធំ ស្រាប់តែចុងក្រោយ ក៏កើតមានរឿងប្រចណ្ឌ រហូតឈានដល់ការបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនបែបនេះទាល់តែបាន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រី រងគ្រោះ ជាប្រពន្ធឈ្មោះស៊ុន ពៅ បានចេញទៅហូបការគេ ចំណែកជនដៃដល់ជាប្តីនៅផ្ទះ អង្គុយផឹកស៊ីជុំបងប្អូន។ បន្ទាប់មកនៅវេលាម៉ោង៧យប់ថ្ងៃដដែល កូនស្រីចិញ្ចឹមរបស់ជនរងគ្រោះ ឈ្មោះរចនា បានដើរមកយកទូរស័ព្ទរបស់ឪពុក ដើម្បីតេទៅម្តាយ តែពុំមានការឆ្លើយតបនោះទេ។

ប្រភពដដែល បន្តថា លុះរយៈពេលប្រមាណកន្លះម៉ោងក្រោយមក ដោយសារតែមិនទាន់ឃើញប្រពន្ធត្រឡប់មកពីស៊ីការគេវិញទៀត ណាមួយកូនស្រីយកទូរស័ព្ទហៅទៅជាច្រើនដង មិនព្រមទទួល ទើបបុរសជាប្តីបានចុចទូរស័ព្ទ ទៅសួរប្រពន្ធម្តង ប៉ុន្តែប្រពន្ធនៅតែមិនព្រមទទួលដដែល។ រហូតដល់១ម៉ោងក្រោយមក ទើបឃើញស្ត្រីរងគ្រោះជាប្រពន្ធ បានត្រឡប់មកផ្ទះវិញ លុះគ្រាន់តែចុះពីលើរថយន្តសឹងមិនទាន់ ស្រាប់តែស្ត្រីជាប្រពន្ធ បានបោះសម្តីដាក់ជនដៃដល់ជាប្តីថា “ខ្លាចអញមិនស្គាល់ផ្ទះឬ?”។ ឮបែបនេះ បុរសជាប្តីបានឆ្លើយតបទៅប្រពន្ធវិញថា “កូនស្រីរចនា ជាអ្នកតេទូរស័ព្ទទៅទេ”។

ប្រភពខាងលើ បានឱ្យដឹងបន្តថា បន្ទាប់មក ស្ត្រីជាប្រពន្ធឈ្មោះស៊ុន ពៅ ក៏បានដើរចូលទៅក្នុងបន្ទប់ ដើម្បីផ្លាស់ខោអាវបាត់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក បុរសជាប្តីក៏ដើរចូលទៅតាមក្រោយ កើតជាសំឡេងឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាយ៉ាងខ្លាំង ខ្ទរពេញផ្ទះ រហូតមានការប្រតាយប្រតប់គ្នាទៀតផង ប៉ុន្តែ កូនស្រីតូចមិនហ៊ានចូលទៅឃាត់ឪពុកម្តាយឡើយ។ ចំណែកកូនប្រុស ឈ្មោះដេវិត ដែលបានចេញទៅរៀនធ្វើជាជាងជួសជុលរថយន្ត ចប់ពីម៉ោងការងារត្រឡប់មកវិញ អស់កម្លាំងពេក ក៏ដេកលក់នៅក្នុងបន្ទប់បាត់ទៅ ដោយមិនបានយកចិត្តទុកដាក់ពីរឿងឪពុកម្តាយ ឈ្លោះប្រកែកគ្នានោះទេ។

ប្រភពខាងលើ បានបញ្ជាក់ថា លុះបន្តិចក្រោយមក ក៏លាន់ឮសំឡេងគ្រាប់កាំភ្លើងផូង!ៗ ជាច្រើនគ្រាប់ ទើបធ្វើឱ្យកូនៗស្ទុះរត់ទៅបើកទ្វារមើលឪពុកម្តាយ ស្រាប់តែឃើញម្តាយកំពុងដេកដួលក្នុងថ្លកឈាម ចំណែកឪពុក បានទាញ កាំភ្លើងមកបាញ់សម្លាប់ខ្លូនឯង ចំក្បាល បណ្តាល ឱ្យស្លាប់ទាំង២នាក់។ ភ្លាមនោះ ដោយឃើញស្ត្រីជាម្តាយនៅមានដង្ហើមនៅឡើយ ទើបកូនប្រុសបានលើកបីម្តាយដាក់រថយន្តផ្ទាល់ខ្លូន ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត តែអកុសល ពេលដឹកទៅដល់គ្រូពេទ្យពិនិត្យរួច បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

RELATED ARTICLES