ខេត្តក្រចេះ ៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ករណីហិង្សាមួយ បានកើតរឡីងដោយសារបុរសជើងខ្លាំងម្នាក់ បានទូរស័ព្ទច្រឡំលេខចូលបុរសម្នាក់រស់នៅក្នុងឃុំជាមួយគ្នា រួចក៏កើតជាទំនាស់ពាក្យសម្តិតឹងសរសៃកដាក់គ្នា រហូតដល់មួម៉ៅក្តៅចិត្តទ្រាំមិនបាន ក៏តាមទៅវាយគេដល់ផ្ទះ ដោយប្រើបំពង់ទីបវាយសំពងគូទំនាស់ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់ ចំណែកជនដៃដល់ជើងខ្លាំង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង។
ជនដៃដល់មានឈ្មោះវែង សុខហ៊ាប អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅឃុំកញ្ជរ ស្រុកឆ្លូង។ ចំណែកជនរងគ្រោះ មិនត្រូវបានសមត្ថកិច្ចបង្ហើបឱ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកឆ្លូង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ដោយវាយជនរងគ្រោះ ១បំពង់ទីបប្រាកដមែន មូលហេតុដោយសារតែខ្លួនបានកើតមានជម្លោះជាមួយជនរងគ្រោះ រឿងទូរស័ព្ទច្រឡំលេខ ទើបទ្រាំមិនបានតាមវ៉ៃដល់ផ្ទះតែម្តង ទុកជាការព្រមាន។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕