ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយយុវជន២នាក់ ជិះម៉ូតូដឹកគ្នាចេញពីផ្ទះមិត្តភក្តិ បំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ស្រាប់តែអកុសលត្រូវរថយន្តក្រឡុក ស៊ីម៉ង់ត៍១គ្រឿង បើកមកកៀរ ធ្វើឱ្យយុវជនម្នាក់ធ្លាក់ចូលក្រោមកង់រថយន្តកិនធ្លាយខួរស្លាប់គួរឱ្យរន្ធត់ លុះយុវជនជាមិត្តភក្តិកំពុងភ័យស្លន់ស្លោ មិត្តភក្តិត្រូវរថយន្តកិនស្លាប់ ចំណែកទូរស័ព្ទអត់លុយខលទៅអ្នកផ្ទះទៀត ក៏មានជនសង្ស័យម្នាក់ បានឆ្លៀតឱកាសមកលួងលោមថា យកទូរស័ព្ទ ទៅបញ្ជូលលុយឱ្យ រួចក៏ស៊ីដាច់ទូរស័ព្ទរបស់គ្នាបាត់ទៀត កាលពីវេលាម៉ោង៣ និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង ទួលទំពូង២ ស្ថិតក្នុងលើកំណាត់ផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
យុវជនរងគ្រោះ មានឈ្មោះសុខ ស៊ីណាត ហៅប៊ូន អាយុ១៨ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតនៅភូមិត្រពាំងកណ្តុរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (ជាអ្នកបើកម៉ូតូ)។ ចំណែកយុវជនជា មិត្តភក្តិដែលរងរបួសស្រាល និងជាអ្នករួមដំណើរពីក្រោយ មានឈ្មោះហុក ហេង អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅនិងមានស្រុកកំណើតនៅភូមិឃុំជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-9180។
តាមសម្តីយុវជនរងគ្រោះម្នាក់ដែលរងរបួសស្រាល បានរៀបរាប់ទាំងអារម្មណ៍តក់ស្លុតថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បាននាំគ្នាធ្វើដំណើរទៅលេងផ្ទះមិត្តភក្តិនៅម្តុំលូប្រាំ រួចបានហូបចុកជាមួយគ្នាបន្តិចបន្តួចប៉ុណ្ណោះ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីហូបចុករួចហើយ ពួកគេបាននាំគ្នាទៅកន្លែងស្នាក់នៅវិញ ដោយជនរងគ្រោះឈ្មោះសុខ ស៊ីណាត ជាម្ចាស់ម៉ូតូគឺជាអ្នកឌុប ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-2181 ធ្វើដំណើរមកពីក្រោយហើយបានកៀរម៉ូតូរបស់ពួកគេ បណ្តាលឱ្យដួល រួចកិនមិត្តភក្តិរបស់គេម្នាក់ជាអ្នកឌុប បណ្តាលឱ្យបែកក្បាល ធ្លាយខួរស្លាប់យ៉ាងអាណោចអធ័មតែម្តង ចំណែករូបគេខ្ទាតចេញឆ្ងាយរងរបួសស្រាល។
យុវជនរងគ្រោះខាងលើ បន្តថា ក្រោយកើតហេតុ តៃកុងរថយន្តបង្កបានឈប់ ហើយទុករថយន្តចោល និងរត់គេចខ្លួនបាត់ស្រមោល ទើបមានអ្នកឃើញហេតុការណ៍ខឹងសម្បារបញ្ចោញកំហឹង យកដុំថ្មទៅគប់កញ្ចក់រថយន្តខាងមុខ បណ្តាលឱ្យបែកខ្ទេច រួចជិះចេញទៅបាត់។ ចំណែករូបគេ ដោយសារតែកំពុងមានអារម្មណ៍តក់ស្លុតនឹងហេតុការណ៍ដ៏រន្ធត់នៅចំពោះមុខផង ណាមួយទូរស័ព្ទក៏អស់លុយ មិនអាចខលទៅប្រាប់ ដំណឹងអ្នកផ្ទះបាន ទើបចេះតែដើរឆ្លេឆ្លានៅក្បែរសព ស្រាប់តែភ្លាមនោះ ក៏មានជនឆ្លៀតឱកាសម្នាក់ បានមកនិយាយលួងលោមរូបគេថា ឱ្យទូរស័ព្ទមក ចាំគេយកទៅបញ្ជូលលុយឱ្យ រួចក៏ស៊ីដាច់ទូរស័ព្ទនោះបាត់ទៀត ធ្វើឱ្យរូបគេកាន់តែវិលវល់ គិតអ្វីក៏លែងចេញ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង រួចស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕