ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១១ និង១០នាទីយប់ បុរសម្នាក់ធ្លាប់ជាប់គុកចំនួន៤ដងរួចមកហើយ តែមិនចេះរាងចាល តែងបង្ករឿងមិនឈប់ លុះក្រោយពីផឹកស្រាវឹង ក៏រករឿងដាល់ម្តាយបង្កើតធ្លាក់ពីលើគ្រែ បន្ទាប់មកក៏ចាប់អូសម្តាយ ទម្លាក់ទឹកប្រឡាយទៀត ធ្វើឱ្យអ្នកជិតខាងទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ច្ច ឱ្យចាប់ខ្លួនកូនប្រុសអកតញ្ញូ នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។
លោកយាយរងគ្រោះមានឈ្មោះអ៊ិន សាមោល អាយុ៦៧ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សពិការភ្នែក។ ចំណែកជនកំណាចជាកូនប្រុស មានឈ្មោះពិន ដាវីន ហៅស៊ិន អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ម្តាយកូនអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលលោកយាយរងគ្រោះជាម្តាយ កំពុងតែដេកនៅលើគ្រែក្នុងផ្ទះ ស្រាប់តែជនសង្ស័យត្រូវជាកូនបង្កើតមកពីផឹកស្រាវិញ ស្ទុះទៅទាញដាល់ម្តាយចំនួន២ដៃ ចំឆ្អឹងជំនីរ រួចអូសម្តាយទម្លាក់ពីលើគ្រែ បន្ទាប់មកជនសង្ស័យក៏អូសស្ត្រីជាម្តាយ ទម្លាក់ក្នុងទឹកប្រឡាយខាងក្រោយផ្ទះ រួចបានអូសជនរងគ្រោះមកលើគោកវិញ ហើយវាយទៅលើជនរងគ្រោះបន្ថែមទៀត។
ក្រោយមក ជនសង្ស័យទុកជនរងគ្រោះចោលរួចក៏ដើរចេញពីផ្ទះទៅបាត់ លុះព្រឹកឡើងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រមៀត និងសំណូមពរឱ្យសម្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។ បន្ទាប់មកសមត្ថកិច្ចក៏បានហៅជនសង្ស័យខាងលើ មកសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕