ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារយុវជនឈាមរាវម្នាក់ ដើរកាត់បន្ទប់នារីក្រមុំម្នាក់ ឃើញដេកចំហទ្វារ (ភ្លេចដាក់គន្លឹះ) ក៏បែកគំនិត ស្ទុះចូលទៅចាប់រំលោភ ទាំងកំរោល តែត្រូវនារីរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ព្យាយាមប្រតាយប្រតប់ ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចេញមកជួយចាប់ខ្លួន ជនល្មោភកាមប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ជនសង្ស័យល្មោភកាម មានឈ្មោះចេវ ជុន អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់ នៅបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ នារីរងគ្រោះឈ្មោះ រ.ស.ព អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់លើផ្សារបុរីពិភពថ្មីឈូកវ៉ា១ ស្ថិតក្នុងភូមិ អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានប៉ុនប៉ងចាប់ រំលោភនារីរងគ្រោះប្រាកដមែន ដោយសារតែឃើញនាងដេកចំហទ្វារ ស្ងាត់ល្អ ក៏ប្រុងចូលទៅ រំលោភ តែមិនទាន់បានអីផង ក៏ត្រូវនាងភ្ញាក់ដឹងខ្លួន ស្រែកឆោឡោផ្អើលគេឯង ចាប់រូបគេជាប់តែម្តង។
បច្ចុប្បន្ន ជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅអាវុធហត្ថខណ្ឌព្រែកព្នៅ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផងដែរ៕