ខេត្តបាត់ដំបង ៖ ហេតុការណ៍ផ្ទុះគ្រាប់បណ្តាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត ខណៈពេលដែលពួកគាត់បានដុតគល់ឈើយកសត្វព្រួត ក៏ប៉ះចំក្បាលគ្រាប់ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង១៣.៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះជាប្តី មានឈ្មោះជាតិ អាយុប្រហែល៥០ឆ្នាំ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ពេលដឹកបញ្ជូនដល់មណ្ឌលសុខភាពបួរ។ ប្តីប្រពន្ធរងគ្រោះដោយសារផ្ទុះគ្រាប់ត្បាល់នេះ មានស្រុកកំណើតនៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត សព្វថ្ងៃធ្វើកម្មករកាប់ដំឡូងឲ្យម្ចាស់ចម្ការឈ្មោះ ហៀង រ៉េត ភេទស្រី អាយុ៦៤ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធ១គូនេះ កំពុងដុតគល់ឈើ ស្រាប់តែឮសំឡេងផ្ទុះលាន់កក្រើក ពេលនោះពួកគាត់ទៅមើលស្លាប់តែឃើញជនរងគ្រោះជាប្តី ដេកស្លាប់យ៉ាងអាណោចអាធ័មបំផុត ចំណែកជនរងគ្រោះជាប្រពន្ធ បានរងរបួសធ្ងន់ ក៏បានដឹកតាមរុឺម៉កកង់៣ ទៅមន្ទីរពេទ្យ តែអកុសល ស្រ្តីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ដោយឡែក បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធនេះ បាននាំគ្នាមកដុតគល់ឈើនៅក្នុងដីចម្ការដើម្បីយកសត្វព្រួត ដោយមិនដឹងថា មានក្បាលគ្រាប់ត្បាល់៦០ ដែលបន្សល់ទុកនៅទីនោះ លុះក្រោយមកក៏ស្រាប់តែផ្ទុះឡើង បណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វើកោល្យវិច័យសាកសពជនរងគ្រោះ រួចបានប្រគល់សាកសពឲ្យទៅលោកមេភូមិ និងម្ចាស់ចម្ការ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕