ភ្នំពេញ ៖ យុវជម្នាក់មានឈ្មោះវណ្ណ ដេត អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានជិះម៉ូតូដឹកស្រីស្នេហ៍របស់ខ្លួន ដើររកកន្លែងឡើងឋានសួគ៌ (ផ្ទះសំណាក់) ស្រាប់តែមិនទាន់ដល់គោលដៅ ផង ក៏ត្រូវជនសង្ស័យ១ក្រុម ប្រដាប់ដោយ កាំបិតប៉័ងតោ ធ្វើសកម្មភាពស្ទាក់កាប់ប្រហារ ប្លន់ម៉ូតូ បណ្តាលឱ្យរងរបួសរយះស្មា បង្កឱ្យមាន ការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមសម្តីយុវជនរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលា ម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ខ្លួននិងសង្សារ បានជិះម៉ូតូ១គ្រឿង ម៉ាក ស៊ុយស៊ូគីនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខព្រៃវែង 1N-8990 ដឹកគ្នាចេញពីក្លឹប ដោយឱ្យស្រីស្នេហ៍ជាអ្នកដឹក និងបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ បំណងរកផ្ទះសំណាក់ដេក តែចូលដល់ផ្ទះសំណាក់មួយ ចៃដន្យអស់បន្ទប់ទៀត ទើបពួកគេធ្វើដំណើរទៅដល់រង្វង់មូលព្រះនារាយណ៍ ក៏ជិះត្រឡប់មកវិញ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចមុខស្ថានីយ ប្រេងឥន្ទនៈតេលា ក៏លេចមុខជនសង្ស័យ១ក្រុម មានគ្នា៥-៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង ម៉ាកស៊ុយស៊ូគីនិច ម៉ាក Zoomer X និងម៉ាកហុងដាឌ្រីម សេ១២៥ មិនចាំស្លាកលេខ ជិះមកពីតាខ្មៅ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោ មកកាប់ប្រហាររូបគេចំខាងក្រោយខ្នង ចំនួន៤ទៅ៥កាំបិត ធ្វើឱ្យរងរបួសរយះស្មាខាងឆ្វេង ហើយភ្លាមនោះ ស្រីស្នេហ៍របស់គេភ័យពេក ក៏ដួលម៉ូតូនៅលើថ្នល់ រួចក៏នាំគ្នារត់ចូលច្រកឌឿងហែមតូចមួយ គាប់ជួនមានប្រជាពលរដ្ឋ ដើរហាត់ប្រាណរត់ចេញមកស្រែកផ្អើលឆោឡោ ទើបធ្វើឱ្យក្រុមជនបង្ក នាំគ្នាឡើងជិះម៉ូតូរត់គេចបាត់អស់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ទីតាំងកើតហេតុ និងបានធ្វើការសួរនាំជនរងគ្រោះ ព្រមទាំងហៅជនរងគ្រោះឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដែរ តែយុវជនរងគ្រោះ និងមិត្តស្រីសុំទៅព្យាបាលរបួសជាមុនសិន រងចាំព្រឹកស្អែក ទើបទៅដាក់ពាក្យបណ្តឹងតាមក្រោយ៕