ខេត្តរតនគិរី ៖ ករណីអំពើហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយសារយុវជនម្នាក់កំពុងឈរមើលការប្រគំតន្ត្រី (Concert) សុខៗ ក៏ស្រាប់តែត្រូវជនដៃដល់១ក្រុម បានព្រួតគ្នាចាក់ប្រហារចំពោះ បណ្តាលឱ្យធ្លាយពោះវៀនចេញមកក្រៅមួយទ្រេល រងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ជួយអន្តរាគមន៍ ដឹកបញ្ជូន ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ នៅចំណុចទីតាំងប្រគំតន្ត្រីមួយកន្លែង ក្បែរការ៉ាស់សាំង ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។
ជនរងគ្រោះដែលត្រូវគេលបចាក់ធ្លាយពោះវៀន មានឈ្មោះស៊យ ចិន្តា អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុ ខាងលើ (រងរបួសធ្ងន់ធ្លាយពោះវៀនចេញមកខាងក្រៅគួរឱ្យសង្វេគ)។
ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយចេតនាខាងលើនេះ លោករស់ វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរ ពេទ្យបង្អែក ខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។ លោកថា ខនសឺត ខាងលើនេះមិនមែនជាកម្មវិធីបុណ្យភូមិ ឬក៏ ជាបុណ្យអ្នកស្រុកនោះទេ គឺជាពួកក្រុមឈ្មួញដើរដាក់កន្ត្រកហោះ និងម៉ូតូហោះ គប់ប៉ោងៗ និងមានលក់គ្រឿងក្មេងលេងប៉ុណ្ណោះ ហើយក៏លួចសុំច្បាប់អាជ្ញាធរ ដើម្បីរកស៊ី តាមចិញ្ជើមផ្លូវក្នុងភូមិនានា នៅតាមបណ្តាស្រុកនៃខេត្តរតនគិរី។ បច្ចុប្បន្ន កម្លាំងអាវុធហត្ថស្រុកកូនមុំ កំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ រួមនឹងបក្ខពួក ដើម្បីតាម ប្រមាញ់ចាប់ខ្លួននាំយកមក ផ្តន្ទាទោសតាមច្បាប់៕