ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានចេញទៅដឹកក្របីពីវាលស្រែត្រឡប់មកផ្ទះវិញ ស្រាប់តែដើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវប្រុសព្រានល្មោភ កាមម្នាក់ ស្ទាក់ចាប់អូសដៃចូលព្រៃ ចាប់សម្រាតខោអាវ ប៉ុនប៉ងរំលោភទៅហើយ តែត្រូវស្ត្រីរងគ្រោះប្រឹងរើបម្រះ ស្រែកផ្អើលអ្នកភូមិមកទាន់ ធ្វើឱ្យជនសង្ស័យភ័យខ្លួន លើកខោរត់បាត់ លុះស្ត្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនល្មោភកាមនាំយកមកចាត់ ការតាមច្បាប់ បានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងក្រោយភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។ លុះស្ត្រីរងគ្រោះរត់មកដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ច ចេញអន្តរាគមន៍ភ្លាមៗ ដោយស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៦ និង៤០នាទីព្រលប់ថ្ងៃដដែល។
ជនសង្ស័យល្មោភកាមដែលប៉ុនប៉ងចាប់រំលោភស្ត្រីរងគ្រោះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ៊ាង ណាន មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឡ.ស អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំជាមួយគ្នា។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងផ្ទាល់មាត់ នៅប៉ុស្តិ៍នគរបាលទួលសំបួរ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងផ្ទាល់មាត់ពីស្ត្រីរងគ្រោះខាងលើភ្លាម កំលាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ាង ណាន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បី ធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលស្ត្រីរងគ្រោះចោទប្រកាន់មែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕