ខេត្តតាកែវ ៖ ហេតុការណ៍ប៉ុនប៉ងមនុស្សឃាតមួយ ខណៈដែលបុរសម្នាក់កំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះជុំប្រពន្ធកូន ស្រាប់តែត្រូវគូជម្លោះម្នាក់ ដែលរស់នៅផ្ទះក្បែរគ្នាកាន់កាំបិត ចូលមកចាប់អារកទាំងកំរោល ប៉ងសម្លាប់ចោល តែសំណាងល្អ ត្រូវបានប្រពន្ធកូនជនរងគ្រោះជួយទាន់ គ្រាន់តែរងរបួសធ្ងន់ រយះបំពង់ហូរ ឈាមស្រោចខ្លួន ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង។
ជនសង្ស័យចិត្តកំណាចឃោរឃៅ មានឈ្មោះសង សារ៉ាត់ ហៅឆិច អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះទូច បញ្ញា អាយុ៥៣ឆ្នាំ មានមុខរបរមន្ត្រីយោធាសឹករងខេត្តតាកែវ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា (ផ្ទះក្បែរគ្នា)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសង សារ៉ាត់ ហៅឆិច បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់អារកជនរងគ្រោះ ប៉ងសម្លាប់ចោលប្រាកដមែន មូលហេតុដោយសារតែខ្លួនមានគំនុំជាមួយជនរងគ្រោះ ដែលចេះអំពើអាបធ្មប់ ធ្វើអំពើដាក់រូបគេ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ ជាលទ្ធផលឃើញថា មានសារធាតុញៀនក្នុងទឹកនោមជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕