ខេត្តរតនគិរី ៖ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បុរសម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធអះអាងថា ជាមនុស្សមានជំងឺសរសៃប្រសាទ ឱ្យតែជំងឺធ្វើទុក្ខចេះតែរត់ចោលផ្ទះ និងប៉ុនប៉ងចងកសម្លាប់ខ្លួន តែត្រូវក្រុមគ្រួសារជួយទាន់រហូត លុះក្រោយមកបុរសជាប្តីក៏បាត់ខ្លួនចេញពីផ្ទះទាំងកណ្តាលយប់ ទោះជាតាមរកយ៉ាង ណាក៏មិនឃើញ លុះព្រឹកឡើង ប្រពន្ធចេញដើររកក៏ប្រទះឃើញប្តីចងកស្លាប់ នៅលើដើមស្វាយចន្ទីបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅត្រង់ចំណុចចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតនៅភូមិទៀន ឃុំកិចុង ស្រុកបរកែវ។
បុរសគិតខ្លីមានឈ្មោះសុខ វណ្ណា អាយុ៥៣ឆ្នាំ មុខរបរកម្មករដកដំឡូង មានប្រពន្ធឈ្មោះសុខ សោភា អាយុ ៣៨ឆ្នាំ និងមានស្រុកកំណើតនៅភូមិព្រៃផ្តៅ ឃុំមោគដា ស្រុករមាសហែក ខេត្តព្រៃវែង តែសព្វថ្ងៃបាននាំប្តីប្រពន្ធ មកធ្វើកម្មករដកដំឡូងឱ្យគេ នៅចំណុចភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើកន្សែងពណ៌ក្រហម ប្រវែង១,២ម៉ែត្រ ចងកជាប់នឹងមែកដើមស្វាយចន្ទី កម្ពស់ពីដីប្រវែង២,៣ម៉ែត្រ ហើយពីចុងជើងមកដីកម្ពស់៣តឹក បណ្តាលឱ្យដាច់ខ្យល់ស្លាប់។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើតឯខេត្តព្រៃង្វែ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕