Friday, September 19, 2025
Homeព័ត៌មានជាតិដល់ថ្នាក់គំរាមសម្លាប់មេការខ្លួនឯងផង គ្រាន់តែសុំសម្រាកឲ្យបាត់ហត់បន្តិច

ដល់ថ្នាក់គំរាមសម្លាប់មេការខ្លួនឯងផង គ្រាន់តែសុំសម្រាកឲ្យបាត់ហត់បន្តិច

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ បុរសជាកម្មករសំណង់ចំនួន២នាក់ បានចូលទៅសុំមេការបើកលុយ លុះមេការនិយាយថា សុំសម្រាកឱ្យបាត់ហត់បន្តិចសិន ស្រាប់តែកម្មករទាំងពីរនាក់ផ្ទុះកំហឹង ស្រែកគំរាមសម្លាប់ និងបង្ករឿងឈ្លោះដាល់កម្មករសំណង់ម្នាក់ផ្សេងទៀត បណ្តាលឱ្យបែកភ្នែកម្ខាង លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់​ នៅចំណុចការដ្ឋានសំណង់១កន្លែង ស្ថិតក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះ ទី១-ឈ្មោះព្រឿង សន្ទណា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមេការសំណង់ មានលំនៅភូមិវត្តលៀប ឃុំចំការសំរោង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង (រងការគំរាមសម្លាប់) និងទី២-ឈ្មោះឆាយ ឆាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល (របួសភ្នែកខាងស្តាំ)។

ចំណែកជនសង្ស័យដៃដល់ទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហេង ហាន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងសំណង់ មានលំនៅភូមិ តាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងទី២-ឈ្មោះហ៊ីម សុខជា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

យ៉ាងណាក្តី ករណីនេះ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ នាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES