Tuesday, July 8, 2025
Homeព័ត៌មានជាតិចាំពេទ្យវះកាត់៤ម៉ោង ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ នៅគ្លីនិកឡាំ ប៊ុនថន

ចាំពេទ្យវះកាត់៤ម៉ោង ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ នៅគ្លីនិកឡាំ ប៊ុនថន

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ឈឺពោះសម្រាល ក៏ត្រូវក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់គ្លីនិកឯកជន ឡាំ ប៊ុនថន ដើម្បីឱ្យជួយវះកាត់សម្រាល លុះទៅដល់ ក៏ត្រូវក្រុមគ្រូពេទ្យតម្រូវឱ្យដេកចាំដុកទ័រខាងផ្នែកវះកាត់ អស់រយៈពេលជាច្រើនម៉ោង រហូតដល់ស្លាប់យ៉ាង អាណោចអាធ័មទាំងម្តាយនិងកូនក្នុងផ្ទៃ ជាហេតុធ្វើឱ្យក្រុមគ្រួសារ កើតទុក្ខមិនសុខចិត្ត លើកគ្នាមកតវ៉ាដល់មុខគ្លីនិក ឡាំ ប៊ុនថន បំណងទាមទាររកយុត្តិធម៌ជូនសពស្ត្រីរងគ្រោះ បងឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមន្ទីរិសម្រាកព្យាបាល និងសម្ភពឡាំ ប៊ុនថន មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បងស្រីជីដូនមួយសស្តីរងគ្រោះ ពេលផ្តល់សម្ភាសន៍

ស្ត្រីរងគ្រោះ ដែលមកដេករង់ចាំសម្រាលកូនរហូតដល់ដាច់ខ្យល់ស្លាប់គួរឱ្យសង្វេគខាងលើនេះ មានឈ្មោះញ៉េប មករា អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ចំណែកឯកូនដែលស្លាប់នៅក្នុងផ្ទៃជាមួយម្តាយនោះ គឺជា កូនទី២។

តាមប្រភពពីស្ត្រីម្នាក់ ជាបងជីដូនមួយ បានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ បានចាប់ផ្តើមឈឺពោះសម្រាល ហើយភ្លាមនោះ ក៏ត្រូវក្រុមគ្រួសារ និងសាច់ញាតិ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរសម្រាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន ទីតាំងកើតហេតុខាងលើ។ លុះទៅដល់ ខាងគ្លីនិកពិនិត្យរួចបញ្ជាក់ថា ចាំបាច់ត្រូវធ្វើការវះកាត់ ចំណែកក្រុមគ្រួសារក៏យល់ព្រម ទើបខាង គ្លីនិចបានរៀបចំឯកសារ និងតម្រូវឱ្យស្ត្រីរងគ្រោះ និងក្រុមគ្រួសារផ្តិតមេដៃលើឯកសារព្រមពៀងវះកាត់សម្រាល ព្រមទាំងតម្រូវឱ្យក្រុមគ្រួសារ បង់ថ្លៃសេវាវះកាត់សម្រាលជាមុនចំនួន៦២០ដុល្លារទៀតផង។ ខាងគ្លីនិក បានរៀបចំប្តូរសម្លៀកបំពាក់ឱ្យស្ត្រីរងគ្រោះ ដើម្បីរង់ចាំធ្វើការវះកាត់ ប៉ុន្តែមិនទាន់បានវះកាត់ភ្លាមៗឡើយ ដោយខាងគ្លីនិក បានប្រាប់ថា ត្រូវរង់ចាំដុកទ័រខាងផ្នែកវះកាត់មកដល់សិន ទើបអាចធ្វើការវះកាត់បាន។ បន្ទាប់ពីគ្រូពេទ្យប្រាប់បែបនេះ ក្រុមគ្រួសារក៏បានយល់ព្រម ព្រោះទុកចិត្តលើពេទ្យទាំងស្រុង ប៉ុន្តែការរង់ចាំយ៉ាងអន្ទះសារនោះអស់ រយៈពេលប្រមាណ៤ម៉ោង មិនបានឃើញលោកដុកទ័រជំនាញវះកាត់នោះទៅដល់ទៀត ចំណែកស្ត្រីរងគ្រោះបានមានអាការៈធ្ងន់ធ្ងរ រហូតសន្លប់បាត់មាត់ បាត់ក។ លុះឃើញសភាពស្ត្រីរងគ្រោះមិនស្រួលបែបនេះ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃដដែល ទើបគ្រូពេទ្យទាំងនោះ បានប្រញាប់ ប្រញាល់ដាក់ខ្យល់អុកស៊ីសែន រួចដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ី ហើយពេលនោះខាងក្រុមគ្រួសារ ទាមទារឱ្យបញ្ជូនទៅមន្ទីរពេទ្យ កាល់ម៉ែតដែរ ប៉ុន្តែខាងគ្រូពេទ្យថាទៅពេទ្យកាល់ម៉ែតស្ទះផ្លូវខ្លាំងណាស់។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីដឹកបញ្ជូនស្ត្រីរងគ្រោះទៅដល់មន្ទីរពេទ្យរុស្ស៊ី ក្រុមគ្រូពេទ្យរុស្ស៊ី បានធ្វើការពិនិត្យភ្លាម រួចបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះ រួមនឹងកូនក្នុងផ្ទៃបានដាច់ខ្យល់ស្លាប់បាត់អស់ទៅហើយ មិនអាចសង្គ្រោះបានឡើយ ធ្វើឱ្យក្រុមគ្រួសារសាច់ញាតិ តក់ស្លុត រន្ធត់ចិត្តយ៉ាងខ្លាំង និងបន្ទោសទៅលើក្រុមគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន គឺជាអ្នកធ្វើឱ្យស្ត្រីរងគ្រោះស្លាប់ទាំងកូនក្នុងផ្ទៃ ព្រោះទុកនាងចោលរាប់ម៉ោងនៅក្នុងពេទ្យរបស់ខ្លួន ដោយសារតែរង់ចាំដុកទ័រផ្នែកវះកាត់ម្នាក់គត់ លុះឃើញសភាពស្ត្រីរងគ្រោះមិនស្រួល (អាចស្លាប់ក្នុងមន្ទីរពេទ្យបាត់ទៅហើយ) បែរជារៀបចំដាក់បញ្ចូលខ្យល់អុកស៊ីសែន រួចប្រញាប់ប្រញាល់បញ្ជូនស្ត្រីរងគ្រោះចេញពីគ្លីនិករបស់ខ្លួន  បន្តទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីបំភាន់ភ្នែកក្រុមគ្រួសារស្ត្រីរងគ្រោះ និងគេចវេសពីការទទួលខុសត្រូវលើការបង្កឱ្យបាត់បង់ជីវិតមនុស្ស នៅក្នុងគ្លីនិករបស់ខ្លួន។

ប្រភពខាងលើ បានបញ្ជាក់បន្ថែមថា គ្រូពេទ្យខាងលើចង់បានលុយតែមួយមុខប៉ុណ្ណោះ ទោះដឹងថា មិនអាចជួយស្ត្រីរងគ្រោះបាន ក៏នៅតែទុករង់ចាំដុកទ័រផ្នែកវះកាត់ទៅដល់ ដោយមិនព្រមបញ្ជូននាងទៅកាន់មន្ទីពេទ្យផ្សេង ដើម្បីសង្គ្រោះទេ គឺទុករហូតដល់ស្ត្រីរងគ្រោះ និងកូនក្នុង ផ្ទៃស្លាប់យ៉ាងវេទនា។ ចំណែកឯការចំណាយលុយ ពួកគាត់ជាក្រុមគ្រួសារស្ត្រីរងគ្រោះមិនបានតវ៉ាអ្វីសូម្បី១កាក់១សេន ពោលគឺប្រាប់ថា អស់សេវាប៉ុន្មាន គឺបង់ជូនភ្លាម តែបែរជាទុកអ្នកជំងឺចោល រង់ចាំដុកទ័ររាប់ម៉ោង រហូតដល់ស្លាប់មនុស្សបែបនេះទៅវិញ។

ក្នុងករណីខាងលើនេះ ក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានទទូចអំពាវនាវ និងសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចលោកប្រធានមន្ទីសុខាភិបាលរាជធានីភ្នំពេញ និងមន្ត្រីស្ថាប័នពាក់ព័ន្ធជួយពិនិត្យនូវទង្វើរបស់គ្លីនិក ឡាំ ប៊ុនថន នេះផង។

ឆ្លើយតបទៅនឹងហេតុការណ៍ខាងលើនេះ ក្រុមគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន បានអះអាងថា ពួកគាត់មិនបានទុកស្ត្រីរងគ្រោះខាងលើចោលរហូតដល់ស្លាប់នោះទេ គឺបានខំប្រឹងព្យាយាមជួយនាងអស់ពីលទ្ធភាពតាមវិជ្ជាជីវៈ និងជំនាញរបស់ខ្លួនហើយ។ ប៉ុន្តែនៅតែមិនអាចជួយបាន ហើយធម្មតាបញ្ជូនមកបណ្តាមន្ទីរពេទ្យគេមានកម្រិតគេ យើងមានគ្រូពេទ្យសង្គ្រោះបន្ទាន់។ កាលណាអត់ដកដង្ហើម យើងបានដាក់ទុយោចូលសួតឱ្យគាត់ បើបេះដូងអត់ដើរ យើងដាក់ថ្នាំជូនគាត់ហើយ ប៉ុន្តែនាងមានជំងឺម៉្យាងដែលកើតឡើងភ្លាមៗពេក ហើយ ក៏ស្លាប់បែបនេះតែម្តង។

ទោះបីជាបែបណា ខាងក្រុមគ្រួសារជនរងគ្រោះ បានដាក់ពាក្យប្តឹងសុំឱ្យសមត្ថិកិច្ចក្រសួង និងស្ថាប័នានា ជួយរកយុត្តិធម៌ជូនដល់សព ស្ត្រីខាងលើ ដោយគាត់នៅតែចោទប្រកាន់ត្រង់ៗទៅលើក្រុមគ្រូពេទ្យមន្ទីរសម្រាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន ជាអ្នកធ្វេសប្រហែស បណ្តាលឱ្យអ្នកជំងឺស្លាប់។

យោងតាមប្រភព័ត៌មានចុងក្រោយ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ឱ្យខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះទៅធ្វើការស្រាវជ្រាវពីបញ្ហាស្លាប់របស់ស្ត្រីខាងលើ និងកូនក្នុងផ្ទៃនេះ ហើយ និងសង្ឃឹមថាយុត្តិធម៌ នឹងកើតមានសម្រាប់ជនរងគ្រោះមិនខាន៕

RELATED ARTICLES