Tuesday, July 8, 2025
Homeព័ត៌មានជាតិខឹងលួចមាន់ ដេកលើរនាបឬស្សី ឃាតករបាញ់ធ្លុះក្បាល

ខឹងលួចមាន់ ដេកលើរនាបឬស្សី ឃាតករបាញ់ធ្លុះក្បាល

ខេត្តកំពង់ចាម ៖ ជនសង្ស័យជាឃាតករដៃឆៅ មានឈ្មោះឈាន សោម អាយុ៣២ឆ្នាំ  ដែលលបបាញ់បុរសម្នាក់ មានឈ្មោះមឿន ចាន់ថា អាយុ២៦ឆ្នាំ មុខរបរកសិករ  ១ផ្លែព្រួញ បណ្តាលឱ្យជាប់ក្បាលឆ្កឹងស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន ហើយ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចម្ការ១ កន្លែង ស្ថិតក្នុងភូមិថ្មី ឃុំដងក្តារ ស្រុកស្ទឹងត្រង់។

គួររំលឹកថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិ ស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ដោយបុរសម្នាក់កំពុងដេកនៅលើផ្ទះសុខៗ ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពយកព្រួញមកលបបាញ់តាមប្រឡោះរនាបឬស្សីពីក្រោមផ្ទះ បណ្តាលឱ្យមុតជាប់ក្បាលឆ្កឹង ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅដេកនៅលើផ្ទះដូចសព្វដង ហើយកន្លែងដែលជនរងគ្រោះដេក គឺមានរនាបឬស្សីបាក់មួយបន្ទះជាប្រឡោះ លុះពេលជនរងគ្រោះកំពុងដេកលង់លក់ ស្រាប់តែមានជនមិនស្គាល់មុខបានលបបាញ់ព្រួញពីក្រោម ផ្ទះតាមប្រឡោះរនាបបាក់ បណ្តាលឱ្យមុតចំសៀតផ្កា ជាប់ផ្លែព្រួញឆ្កឹង ហើយជនរងគ្រោះបានស្រែកអូយ តែមួយម៉ាត់ប៉ុណ្ណោះ រួចក៏ស្ងាត់មាត់ឈឹង លុះក្រុមគ្រួសារនឹកឆ្ងល់ ស្ទុះចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះរងរបួសជាប់ផ្លែព្រួញឆ្កឹង នៅនឹងសៀតផ្កាបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។

លោកប៉ាក ជាតិ អធិការនគរបាលស្រុក ស្ទឹងត្រង់ បានបញ្ជាក់ប្រាប់ថា ផ្ទះជនរងគ្រោះមានកំពស់២,៤០ម៉ែត្រពីដី ហើយកន្លែងដែលជនរងគ្រោះដេក មានរនាបឬស្សីបាក់មួយបន្ទះជាប្រឡោះ បង្កភាពងាយស្រួលដល់ជនល្មើសធ្វើសកម្មភាព។ យ៉ាងណា ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកបញ្ជូនជនរងគ្រោះ តាមរយៈ រថយន្តពេទ្យបង្អែកស្រុកស្ទឹងត្រង់ ទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាមដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ៕

RELATED ARTICLES