Tuesday, July 8, 2025
Homeព័ត៌មានជាតិចង់បានលុយគេអីស្រួលម៉េស... បានជាង១ខែប៉ុណ្ណោះ ជាប់ខ្នោះ

ចង់បានលុយគេអីស្រួលម៉េស… បានជាង១ខែប៉ុណ្ណោះ ជាប់ខ្នោះ

ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ មានឈ្មោះព្រហ្ម ណីរដ្ឋ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ​ មានលំនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ​ដែលតែងប្រើឈ្មោះថ្នាក់ដឹកនាំខេត្តក្រចេះ ដើរគោះ និងប្រមូលលុយកាក់ពីក្រុមឈ្មួញ និងរថយន្តដឹកឈើនានា កាលពីពេលកន្លងមក ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ប្រាប់ថា ជនម្នាក់នេះ (ព្រហ្ម ណីរដ្ឋ) គឺបានធ្វើសកម្មភាពជិះរថយន្តរបស់ខ្លួនដើរប្រមូលលុយពីរថយន្តដឹកឈើ​ អស់រយៈពេលជាង១ខែមកហើយ ក៏ដូចជាចេញមុខរត់ការរថយន្តដឹកឈើឱ្យក្រុមឈ្មួញមួយចំនួន ដោយជននេះបានយកឈ្មោះមន្ត្រីជំនាញជាច្រើននាក់ ទៅបោកបញ្ឆោតយកលុយពីរថយន្តដឹកឈើទាំងនោះ។

លោកព្រះរាជអាជ្ញារង បញ្ជាក់ថា ជនខាងលើ ត្រូវបានលោកអេង ចំណាប់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារខេត្ត នារសៀលថ្ងៃទី៣០ ខែធ្នូ នេះ ដោយចោទប្រកាន់ពីបទឆបោក៕

RELATED ARTICLES