ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីម្នាក់កំពុងអង្គុយលេងជាមួយចៅស្រីតូច ទើបនឹងអាយុ២ឆ្នាំម្នាក់នៅលើគ្រែ លុះបន្តិចក្រោយមក កូនដែលចេញទៅធ្វើការនៅស្រុកថៃ ក៏ទូរស័ព្ទមកសួរសុខទុក្ខ ទើបរវល់និយាយទូរស័ព្ទជាមួយកូនភ្លេចខ្លួនប្រមាណកន្លះម៉ោង ស្រាប់តែងាកទៅរកចៅស្រីវិញ ក៏ប្រទះឃើញចៅស្រីលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះវ៉ា កញ្ញា អាយុ២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រយសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕