ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ បុរសជាគ្រូអាលម្ពាយ (អ្នកចាប់សត្វពស់) ដ៏ល្បីឈ្មោះប្រចាំស្រុកភូមិ ដែលពូកែខាងចាប់សត្វពស់មានពិស និង ព្យាបាលរបួសពស់ចឹកយ៉ាងស័ក្តិសិទ្ធ ទីបំផុត ត្រូវមកអស់ជីវិតដោយសារតែសត្វពស់វែកដំបូកចឹក និងមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ ទាន់ពេលវេលា នៅចំណុចភូមិស្រះឈូក ឃុំសំបួរ ស្រុកមង្គលបុរី។
បុរសរងគ្រោះដែលត្រូវសត្វពស់មានពិសចឹកស្លាប់ មានឈ្មោះមួក ហៀប អាយុ៥៦ឆ្នាំ មុខរបរគ្រូអាលម្ពាយ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។
ក្រោយកើតហេតុ ទំនងជាជឿជាក់លើសមត្ថកិច្ចក្នុងការព្យាបាលពិសពស់របស់ខ្លួន ទើបជនរងគ្រោះមិនទាន់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗនោះទេ ទីបំផុត ពិសពស់ក៏បានជ្រាបចូលពេញខ្លួន បណ្តាលឱ្យជនរងគ្រោះឈឺចុកចាប់ រហូតដល់ស្លាប់យ៉ាងអាណោចអធ័ម។
បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវពស់ចឹកស្លាប់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕