ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយ ក៏សម្រេចចិត្តគិតខ្លី រត់ឡើងទៅលើភ្នំចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវឡើងភ្នំ ចម្ងាយប្រមាណ៥០០ម៉ែត្រ ខាងជើងផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
បុរសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះឡេង លេខ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។
ក្រោយកើតហេតុ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងប្រីយ៍ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។ បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាចងកជាប់នឹងដើមត្រសេក កម្ពស់២ម៉ែត្រពីដី នៅចំណុចក្នុងព្រៃខាងជើងផ្លូវជាតិលេខ៦៧ ចំណុចផ្លូវឡើងភ្នំ ចម្ងាយ៥០០ម៉ែត្រ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕