ខេត្តមណ្ឌលគិរី ៖ បុរសវ័យចំណាស់ជនជាតិព្នងម្នាក់ មានឈ្មោះសុខ បាន អាយុ៦០ឆ្នាំ បានចូលទៅកាប់ដើមឈើ១ដើមធំ នៅក្នុងព្រៃ បំណងយកឈើមកទុកសម្រាប់ធ្វើផ្ទះ ស្រាប់តែអកុសល មែកឈើបានបាក់ធ្លាក់មកសង្កត់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្បាល អូរចាំងជ្រី ស្ថិតនៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក។
ក្រោយកើតហេតុ ក្រុមគ្រួសារបាននាំគ្នាសែងយកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក ដែលដឹកនាំដោយលោកអនុសេនីយ៍ទោ ជា កុសល្យ អធិការរងទទួលបន្ទុកយុត្តិធម៌ បានចុះធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារមែកឈើបាក់សង្កត់ប្រាកដមែន។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕