Wednesday, July 9, 2025
Homeព័ត៌មានជាតិកូន៤នាក់កំព្រា ម្តាយស្លាប់ ឪពុកជាប់គុក ព្រោះរឿងដាស់ហូបបបរ

កូន៤នាក់កំព្រា ម្តាយស្លាប់ ឪពុកជាប់គុក ព្រោះរឿងដាស់ហូបបបរ

ខេត្តក្រចេះ ៖ ស្ត្រីជាប្រពន្ធម្នាក់ តែងផឹកស្រាស្រវឹងជាប់ជាប្រចាំ លុះក្រោយពីស្រវឹងជោក ក៏ប្រះខ្លួនដេក លុះប្តីចូលទៅដាស់ឱ្យក្រោកឡើងហូបបបរ ស្រាប់តែស្ត្រីជាប្រពន្ធមួម៉ៅក្តៅចិត្ត ក្រោកទាំងមមីមមើ ជេរបញ្ចោរប្តី រាលដល់មេដំបូល (ជេរដល់ម្តាយឪពុក) រហូតដល់ បុរសជាប្តីទ្រាំមិនបានក៏ស្ទុះទៅវាយសំពងប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យរងរបួសធ្ងន់ ស្រាប់តែរំលងបាន១ថ្ងៃ ស្ត្រីរងគ្រោះជាប្រពន្ធក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តីត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់ ដោយបន្សល់ទុកកូនប្រុសស្រីចំនួន៤នាក់ឱ្យរស់នៅកំព្រា។

ករណីអំពើហិង្សាប្តីវ៉ៃប្រពន្ធយ៉ាងចាស់ដៃនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ នៅចំណុចឃុំថ្មី ស្រុកចិត្របុរី។ លុះមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធក៏ដាច់ខ្យល់ស្លាប់ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនបុរសជាប្តីនាំយកទៅសួរនាំ និងចាត់ការតាមច្បាប់។

ជនសង្ស័យដៃដល់ដែលវាយសំពងប្រពន្ធ ជ្រុលដៃរហូតដល់ស្លាប់ មានឈ្មោះស៊ន ឡា អាយុ៥២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ឋ មានឈ្មោះសុខ ឌឿ អាយុ៤៩ ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំង២ខាងលើ មានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស២ ស្រី២) សព្វថ្ងៃស្នាក់នៅរោងស្រែដាច់ស្រយាលពីគេឯង ស្ថិតក្នុងឃុំថ្មី ស្រុកចិត្របុរី។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រុមគ្រួសារខាងលើនេះ តែងកើតមានជម្លោះពាក្យសម្តី និងអំពើហិង្សាញឹកញាប់ណាស់ ដោយសារតែប្តីប្រពន្ធសុទ្ធតែជាមនុស្សប្រមឹកដូចគ្នា ហើយឱ្យតែផឹកស្រវឹងចាប់ផ្តើមរករឿងឈ្លោះប្រកែកគ្នា រហូតឈានដល់ហិង្សាដាក់គ្នាទៅវិញទៅមក ស្ទើរក្លាយជាទម្លាប់ទៅហើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីជាប្រពន្ធមិនដឹងជាផឹកស្រាស្រវឹងមកពីណា ពេលមកដល់ផ្ទះវិញ ក៏ចូលទៅរកកន្លែងដេក ចំណែកបុរសជាប្តីដែលទើបនឹងផឹកស្រាស្រវឹងដែរនោះ បានដាំបបរហូប។ លុះបបរឆ្អិន ក៏ចូលទៅដាស់ប្រពន្ធឱ្យហូបបបរ ស្រាប់តែប្រពន្ធបែរជាមួម៉ៅ ក្តៅក្រហាយ ក្រោកមកជេរបញ្ចោរម៉្រាយប្តីកប់ៗមាត់ ជាហេតុធ្វើឱ្យបុរសជាប្តីីដែលកំពុងស្រវឹងស្រាស្រឿងៗដែរ ខឹងក្រោធកើតជាជម្លោះតឹងសរសៃកដាក់គ្នា ហើយពេលនោះ ស្ត្រីជាប្រពន្ធបានជេរបញ្ចោរ ប្តីរហូតរាលដល់មេដំបូល ទើបធ្វើឱ្យបុរសជាប្តី ទប់កំហឹងមិនបាន ក៏ស្ទុះទៅវាយសំពងប្រពន្ធទាំងកំរោលយ៉ាងចាស់ដៃ បណ្តាលឱ្យប្រពន្ធរងរបួសយ៉ាងធ្ងន់ ហើយក៏មិនបានទៅមន្ទីរពេទ្យព្យាបាលអ្វីដែរ ដោយនៅសម្ងំដេកនៅក្នុងផ្ទះ។

ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ស្ត្រីរងគ្រោះជាប្រពន្ធក៏ដាច់ខ្យល់ស្លាប់ ហើយដំណឹងនេះ បានលេចឮដល់សមត្ថកិច្ចចុះអន្តរាគមន៍ និងធ្វើកោសល្យវិច័យសព ទើបដឹងថា ស្ត្រីរងគ្រោះទទួលរងអំពើហិង្សាពីបុរសជាប្តី មុនពេលស្លាប់១ថ្ងៃ ក៏សម្រេចចាប់ឃាត់ខ្លួនបុរសជាប្តី នាំយកទៅសាកសួរតែម្តង។

លោកហេង ប៊ុនធឿន នាយផ្នែកនគរបាលព្រហ្មទណ្ឌស្រុកចិត្របុរី បានឱ្យដឹងថា បុរសដៃដល់ជាប្តីត្រូវបានកម្លាំងនគរបាលស្រុក ចុះចាប់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រោយបង្កហេតុវាយសម្លាប់ប្រពន្ឋបានមួយថ្ងៃ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES