បុរសម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង ប្តឹងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង សងជំងឺចិត្ត១មុឺន៥ពាន់ដុល្លារ ដោយចោទប្រកាន់ថា ក្រុមគ្រូពេទ្យមានភាពធ្វេសប្រហែសបណ្តាលឲ្យប្រពន្ធរបស់លោកធ្លាក់ឈាមស្លាប់ក្រោយសម្រាលកូនរួច។
បុរសជាប្តីស្ត្រីរងគ្រោះ មានឈ្មោះហេង ខេង អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ។ ចំណែកស្ត្រីជនរងគ្រោះជាប្រពន្ធ ដែលបានស្លាប់ក្រោយសម្រាលកូនរួច មានឈ្មោះ ឃឿម សុធា ភេទស្រី អាយុ២៨ឆ្នាំ។
យោងតាមពាក្យបណ្តឹងដែលបុរសជាប្តីបានដាក់ឲ្យសមត្ថកិច្ចជួយរកយុត្តិធម៍នោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គាត់បានដឹកប្រពន្ធដែលឈឺពោះគ្រប់ខែ មកសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកអន្លងវែង ពេលនោះប្រពន្ធរបស់លោកឈឺពោះ លុះដល់វេលាម៉ោង១រំលងអាធ្រាត្រ ប្រពន្ធរបស់លោកក៏បានសម្រាលកូនបានដោយសុវត្ថិភាព។ ស្រាប់តែដល់ម៉ោង៣និង៣០នាទីទៀបភ្លឺ ប្រពន្ធរបស់លោកក៏ចាប់ផ្តើមធ្លាក់ឈាម ពេលឃើញបែបនេះ លោកក៏បានសុំក្រុមគ្រូពេទ្យដឹកបញ្ជូនសង្គ្រោះបន្ទាន់ទៅពេទ្យបង្អែកខេត្តសៀមរាប ដែរ តែក្រុមគ្រូពេទ្យឆ្លើយថា “អត់មានរថយន្ដសង្គ្រោះបន្ទាន់ទេ” រួចក៏ទុកប្រពន្ធរបស់លោកឲ្យធ្លាក់ឈាមឡើងខ្សោះខ្លួនរយៈពេល៣ម៉ោង រហូតដល់បាត់បង់ជីវិត ចោលកូនដែលទើបសម្រាល។
នៅក្នុងពាក្យបណ្តឹងនោះក៏បានបន្ថែមថា “សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងឲ្យក្រុមពេទ្យបង្អែកស្រុកអន្លង់វែងសងជំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លារ”។
បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះបានដឹកមកដល់ផ្ទះ ដើម្បីរៀបចំតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី។
អ្នកសារព័ត៌មានយើង បានព្យាយាមទាក់ទងសុំការបំភ្លឺពីប្រធានមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ផងដែរ តែមិនបានសម្រេចឡើយ យ៉ាងណា យើងនឹងរង់ចាំការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕