ភ្នំពេញ ៖ នៅវេលាម៉ោង8 និង30នាទីយប់ ថ្ងៃទី01 ខែមករា ឆ្នាំ2019 សមត្ថកិច្ចជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធឆក់ទូរស័ព្ទនៅចំណុចចំណតម៉ូតូផ្សារអ៊ីអន1 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យរូបនេះ បានប្រព្រឹត្តបទល្មើស (ឆក់ទូរស័ព្ទដៃ ម៉ាក IPhone 6 ពណ៌ស មិនបានសម្រេច បានត្រឹមប៉ូលិសចាប់វាយខ្នោះ) នៅចំណុចក្បែរស្ពានអាកាស7មករា ផ្លូវលេខ289 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី30 ខែធ្នូ ឆ្នាំ2018 វេលាម៉ោង1និង20នាទីរសៀល និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាពបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
ជនសង្ស័យនេះមានឈ្មោះត្រាណេ សុចិន្តា ហៅសុខ លីដា ហៅកូកូ ភេទប្រុស អាយុ17ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ 6 ផ្លូវលេខ328 សង្កាត់បឹងកក់2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចដកហូតបានវត្ថុតាងបានរួមមាន ម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ទឹកមាស ស៊េរីឆ្នាំ2017 ពាក់ស្លាកលេខ ភ្នំពេញ 1DA- 2464 និងមួកសុវត្ថិភាពម៉ាក SPEED CROWN ពណ៌ខ្មៅ ចំនួន1។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានឆក់ទូរស័ព្ទប្រាកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕