ខេត្តកណ្តាល ៖ សមត្ថកិច្ចខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចខេត្តតាកែវ បានឃាត់បុរសកំហូចម្នាក់ បានទាក់ទងស្នេហ៍ជាមួយនារីវ័យក្មេងចំនួន២នាក់តាមឆាតហ្វេសប៊ុក រួចក៏ព្យាយាមអន្ទងសុំមើលរូបអាក្រាតខាងស្រី ដោយឱ្យខាងស្រីថតរូបស្រាត ផ្ញើមកឱ្យខ្លួនមើលតាមឆាត លុះនារីរងគ្រោះទាំង២នាក់ ភ្លាត់ស្នៀតយល់ព្រមផ្ញើរូបអាក្រាតឱ្យ ស្រាប់តែជនសង្ស័យបែរជាយករូបភាពនោះ ទៅគំរាមជំរិតទារលុយពីនារីរងគ្រោះទាំង២នាក់ទៅវិញ រហូតដល់នារីរងគ្រោះទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីងវេលុយ១កន្លែង ស្ថិតនៅផ្សារអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះចេង មិត្ត អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះទាំង២នាក់ខាងលើរួមមាន ទី១-ជាកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិ ព្រែកយាយហាយ ឃុំព្រែកថ្មី ស្រុកកោះធំ និងទី២-ជាកម្មការិនីរោងចក្រដូចគ្នា មានទីលំនៅភូមិក្បាល កោះទាវ ឃុំសំពៅពូន ស្រុកកោះធំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះចេង មិត្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបានស្គាល់នារីរងគ្រោះទាំង២នាក់ខាលើ តាមរយៈ ឆាតលេងហ្វេសប៊ុកជាមួយគ្នាប្រាកដមែន។ ដោយលួងលោមពួកនាង ឱ្យថតរូបអាក្រាតកាយផ្ញើឱ្យគ្នា មើលទៅវិញទៅមក។ លុះក្រោយពីបានរូបអាក្រាតរបស់នារីរងគ្រោះទាំង២ ដល់ដៃហើយ រូបគេក៏ចាប់ផ្តើមទូរស័ព្ទទៅគំរាមឱ្យពួកនាងផ្ញើ លុយមកឱ្យខ្លួនជាហូរហែ ដោយរូបគេបានគំរាមទៅកាន់នារីរងគ្រោះទាំង២នាក់ថា បើមិនព្រមផ្ញើលុយមកឱ្យរូបគេ តាមអ្វីដែលរូបគេចង់បានទេនោះ គេនឹងបង្ហោះរូបអាក្រាតកាយរបស់ពួកនាង (ជនរងគ្រោះ) នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយឱ្យមហាជនបានឃើញជាសាធារណៈ។ ចំណែកនារីរងគ្រោះ ដោយសារតែខ្លាចខ្លួនបង្ហោះរូបអាក្រាត នាំឱ្យខ្មាសគេ ក៏យល់ព្រមផ្ញើលុយមកឱ្យរូបគេជាបន្តបន្ទាប់ ហើយលុយទាំងនោះ ត្រូវបានរូបគេយកទៅដើរស៊ីចាយអស់ទៅហើយ លុះអស់ពេលណាក៏គំរាមទារពីពួកនាងទៀត ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ជាប់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី៕