ភ្នំពេញ ៖ ទីបំផុត ជនដៃដល់ជាឃាតករ ដែលផ្ទុះភ្លើងប្រចណ្ឌឃើញអតីតប្រពន្ធរបស់ខ្លួននាំក្រុមគ្រួសារ ទៅហូបស៊ុបជុំគ្នាជាមួយប្តីថ្មី ជាជនជាតិ ចិន ក៏ទាញកាំបិតចូលចាក់ប្រហារបុរសជនជាតិចិនជាប្តីថ្មី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចចាក់អតីតប្រពន្ធ និងម្តាយក្មេកឱ្យរងរបួសធ្ងន់ថែមទៀត កាលពីព្រលប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចហាងស៊ុបមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងវត្តថ្ម៣ដុំ ភ្នំត្បែងមានជ័យ ស្ថិតក្នុងភូមិភក្តី ឃុំរអាង ស្រុកសង្គមថ្មី។
ជនដៃដល់ជាឃាតករ មានឈ្មោះគង់ កុសល អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ជាអតីតប្តីដើម។ ចំណែកសាកសពបុរសរងគ្រោះ មានឈ្មោះ SONG QINGJUN អាយុ៤៦ឆ្នាំ ជាជនជាតិចិន ត្រូវជាប្តីក្រោយ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះគង់ សុផារ៉ា រងរបួសធ្ងន់ រីឯស្ត្រីជាម្តាយបង្កើតស្ត្រីជាប្រពន្ធដែលរងរបួសធ្ងន់ដូចគ្នា មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយចាប់ខ្លួនបាន សមត្ថកិច្ចខេត្តព្រះវិហារ បានប្រគល់ជនដៃដល់មកឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជូនកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្ត។ គិតត្រឹមវេលាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ជនដៃដល់ជាឃាតករ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។
គួររំលឹកថា ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងហាងស៊ុប យីហោ ធាមិលយ ពពឈ បុថថតេ មានទីតាំងស្ថិតនៅផ្ទះលេខ៧៩៣ ផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន ដោយបុរសជាអតីតប្តី ឃើញអតីតប្រពន្ធរបស់ខ្លួនទាក់ទងស្នេហ៍ជាមួយបុរសចិន និងថែមទាំងនាំគ្រួសារទៅហូបស៊ុបជុំគ្នា សើចសប្បាយ ក្អាកក្អាយ ក៏ផ្ទុះភ្លើងប្រចណ្ឌ ចូលទៅចាក់ប្រហារបុរសចិនដែលជាប្តីថ្មី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចំណែកអតីតប្រពន្ធ និងម្តាយក្មេករងរបួស ធ្ងន់៕