ភ្នំពេញ ៖ កាលពីវេលាម៉ោង០៥និង៤០នាទី ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៨ មានករណីនារីវ័យក្មេងជាសិស្សសាលាម្នាក់ បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកក្នុងបន្ទប់ដេក ដោយមិនដឹងមូលហេតុ ដែលហេតុការណ៍នេះកើតឡើងនៅចំណុចនៅផ្ទះលេខ25E ក្នុងបុរីប៊ុន ហួរ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ដេត ពេជ្ជចន្ទលីហ្សា អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៅសាលាសុវណ្ណភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺពីជីដូននារីរងគ្រោះ ឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅជាមួយនារីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឡើងទៅបន្ទប់នៅជាន់ទី១ ឃើញចៅស្រីកំពុងដេកលេងធម្មតា លុះដល់ម៉ោងកើតហេតុគាត់មិនឃើញចៅចុះមកញាំបាយ ក៏ឡើងទៅតាមហៅ ពេលគាត់រុញទ្វារបន្ទប់ ស្រាប់តែឃើញចៅស្រីចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកជិតខាង រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង ខណៈដែលចៅស្រីរូបនេះបានប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលឪពុកម្តាយមិននៅផ្ទះ ចេញទៅប្រទេសសាំងហ្គាពួរ ជិត១សប្តាហ៍ទៅហើយ។
ដោយឡែក តាមប្រភពបានឲ្យដឹងថា កាលពីប៉ុន្មានខែមុននេះ យុវតីរូបនេះក៏បានបង្ហោះសារនៅលើបណ្តាញសង្គម រៀបរាប់ពីអាការៈជម្ងឺផ្លូវចិត្តរបស់ខ្លួន រហូតបានទៅមន្ទីរពេទ្យពិនិត្យព្យាបាល ។ មុនពេលធ្វើអត្តឃាតនារីរងគ្រោះបន្សល់ទុកនូវ Status ចុងក្រោយមួយថា “I’m tired of being me”។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានបញ្ជាក់ប្រាប់ថា នារីរងគ្រោះពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន មិនមានអ្វីផ្សេងនោះទេ ហើយបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕