ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ មានបុរសវ័យចំណាស់ជាអាណិជកខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ ទើបនឹងធ្វើដំណើរមកដល់ស្រុកខ្មែរ ត្រៀមខ្លួនទៅចូល រួមមង្គលការចៅ នៅប៉ុន្មានថ្ងៃខាងមុខ ស្រាប់តែអកុសល មិនទាន់បានចូលរួមមង្គលការចៅផង គ្រាន់តែចុះពីលើយន្តហោះ បានតែប៉ុន្មានម៉ោង ក៏កើតមានអាការគាំងបេះដូង ស្លាប់យ៉ាងអាណោចអធ័ម នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
លោកតារងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះប៉ឹង ភុំ អាយុ៧៩ឆ្នាំ ជាអាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងមានស្រុកកំណើត នៅភូមិសង្កាត់កើតហេតុខាងលើ។ សព្វថ្ងៃ លោកតារងគ្រោះ កំពុងមានជំងឺលើសឈាមប្រចាំកាយ។
ក្រោយពីមានហេតុការណ៍កើតឡើង ក្រុមគ្រួសារលោកតារងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញក្រុងតាខ្មៅឱ្យចុះជួយ អន្តរាគមន៍ ហើយភ្លាមនោះ នគរបាលជំនាញក្រុងតាខ្មៅ បានសហការជាមួយកម្លាំងជំនាញបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អាជ្ញាធរដែលពាក់ព័ន្ធ និងលោកគ្រូពេទ្យអនុប្រធានមន្ទីរបង្អែកជ័យជំនះ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានពិនិត្យ ព្រមទាំងធ្វើ កោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕