Saturday, July 12, 2025
Homeព័ត៌មានជាតិផ្អើលប្រជាពលរដ្ឋ!!! អ្នកបើកឡានពេទ្យឈ្លោះគ្នាដណ្តើមសព

ផ្អើលប្រជាពលរដ្ឋ!!! អ្នកបើកឡានពេទ្យឈ្លោះគ្នាដណ្តើមសព

ភ្នំពេញ ៖ នាកើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ មានបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកពីក្រោយរថយន្ត១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឱ្យរយះមុខ១ចំហៀង ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ស្រាប់តែបន្តិចក្រោយមក ក៏លេចរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនចំនួន២គ្រឿង មកដល់កន្លែងកើតហេតុ ដោយទាមទារដណ្តើមដឹកយកសពតែរៀងខ្លួន រហូតកើតជាជំលោះតឹងសរសៃក និងឈានដល់អំពើហិង្សាដេញវាយគ្នា ផ្អើលពេញផ្លូវ នៅលើកំណាត់ផ្លូវលេខ២៧១ ចំណុចខាងលិចគ្លីនិកបញ្ញាស័ក្ត ប្រមាណ៣០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាល់ទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

បុរសរងគ្រោះ ដែលជិះម៉ូតូបុករថយន្តស្លាប់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែមានប័ណ្ណសំគាល់ខ្លួន១សន្លឹក ដាក់ឈ្មោះ SEET HORNG HCENG លេខ 100185011 របស់សណ្ឋាគារ និងកាស៊ីណូ NAGA WORLD ដោយមិនបានបញ្ជាក់ពីកន្លែងស្នាក់នៅនោះទេ ចំណែកទ្រព្យសម្បត្តិដែលនៅជាប់សព រួមមាន ទូរស័ព្ទ១គ្រឿង ម៉ាក VIVO ចិញ្ជៀន២វង់ ពាក់ជាប់ដៃទាំងសងខាង និងលុយដុល្លារចំនួន១៨២ដុល្លារ រួមទាំងសម្ភារៈមួយចំនួនទៀត។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកយ៉ាម៉ាហាស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-2977។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង តាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុកពីក្រោយរថយន្តដឹកទឹកកក១គ្រឿងយ៉ាងពេញទំហឹង បណ្តាលឱ្យមុខរបស់ជនរងគ្រោះបុកជាមួយដែកកាងរថយន្ត រយះចាប់ពីចង្ការហូតដល់គុម្ពត្រចៀក ស្លាប់នៅនឹងកន្លែងយ៉ាងអណោចអាធ័ម។ ចំណែកម៉ូតូជនរងគ្រោះរងការខូចខាតផ្នែកខាងមុខខ្ទេចអស់គ្មានសល់ ចំណែករថយន្តដឹកទឹកកកបានព្យាយាមបន្ថែមល្បឿន ទៅមុខគេចបាត់ ស្រមោល។

ដោយឡែក តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយកើតហេតុ គេឃើញរថយន្តសង្គ្រោះមន្ទីរសម្រាកព្យាបាលហុងហាក់ ១គ្រឿង បានមកដល់កន្លែងកើតហេតុមុនគេ តែដោយសារឃើញជនរងគ្រោះស្លាប់ទៅហើយ ទើបរថយន្តហុងហាក់ត្រឡប់ទៅវិញ ដោយអ្នកបើករថយន្តហុងហាក់បានប្រាប់ថា បើសិនជាជនរងគ្រោះស្លាប់នៅលើរថយន្តរបស់គាត់ ទើបគាត់ដឹកសពនោះ តាមសមត្ថកិច្ចនៅកន្លែងកើតហេតុ ប្រាប់ឱ្យដឹកយកតម្កល់ទុកតែប៉ុណ្ណោះ។ បន្តិចក្រោយមក ឃើញក៏មានរថយន្តសង្គ្រោះ១គ្រឿងទៀត របស់មន្ទីរសម្រាកព្យាបាល និងសម្ភពរស្មី មកដល់តាមក្រោយ រួចយកប្រង់ការដាក់ក្បែរសពសិន ដើម្បីរងចាំសមត្ថកិច្ចចុះមកពិនិត្យនៅកន្លែងកើតហេតុ រួចឱ្យដឹកយកទៅតម្កល់នៅកន្លែងណាប៉ុណ្ណោះ លុះសមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មកដល់កន្លែងកើតហេតុ មិនឱ្យរថយន្តសម្ភព រស្មី ដែលមកដល់មុននោះដឹកសពទេ បែរជាឱ្យរថយន្តផ្សេងដឹកវិញ ដោយរថយន្តនោះឃើញមានចាប់សារ៉ែនមួយគ្រឿង បិតសញ្ញាលេខបូក និងមិនឃើញមានដាក់ឈ្មោះអ្វី ឬជារបស់គ្លីនិកណានោះទេ ទើបបង្កឱ្យកើតមានជម្លោះពាក្យសម្តីកើតឡើងតែម្តង រវាងរថយន្តសម្ភពរស្មី ដែលមកមុន និងរថយន្តក្រុមអ្នកកាងដឹកសព ដែលមកក្រោយតែដណ្តើមដឹកសពជនរងគ្រោះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌមានជ័យ ក៏បានចុះធ្វើការវាស់វែង រួចដឹកយកម៉ូតូរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានមានជ័យ ដើម្បីរងចាំស្វែងរកសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។

ចំណែកសពរងគ្រោះ ត្រូវបានរថយន្តដឹកសពពុំមានឈ្មោះ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសមត្ថកិច្ចស្វែងរកក្រុមគ្រួសារមក ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES