ភ្នំពេញៈ ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល គឺជាកូនខ្មែរទី១ និងជាមន្រ្តីអង្គការសង្គមស៊ីវិលតែម្នាក់គត់ ដែលបានជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃពានរង្វាន់ Allard Prize សម្រាប់សុចរិតភាពអន្តរជាតិ របស់ស្ថានប័នអន្តរជាតិ ប្រចាំនៅសាកលវិទ្យាល័យ British Columbia ស្ថិតនៅប្រទេសកាណាដា ។
លោកព្រាប កុល បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកពីព័ត៌មាននេះ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ថា “ស្ថាប័នអន្តរជាតិប្រចាំនៅសាកលវិទ្យាល័យ British Columbia ស្ថិតនៅប្រទេសកាណាដា បានប្រកាសជាសាធារណ:អំពីសមាសភាពរបស់ខ្ញុំ ជាសមាជិកក្រុមប្រឹក្សាភិបាល នៃពានរង្វាន់ Allard Prize សម្រាប់សុចរិតភាពអន្តរជាតិ។ ពានរង្វាន់នេះ គឺមានទឹកប្រាក់ 100,000$ សម្រាប់ផ្តល់ជូនដល់សកម្មជនប្រឆាំងអំពើពុករលួយ និងសកម្មជនសិទ្ធិមនុស្ស ដែលប្រថុយជីវិត និងការគ្រោះថ្នាក់នានា ដើម្បីបុព្វហេតុពិភពលោក មានភាពស្អាតស្អំ និងការគោរពសិទ្ធិមនុស្ស ។ ខ្ញុំជាកូនខ្មែរទី១ ដែលទទួលបានការអញ្ជើញឱ្យកាន់មុខតំណែងនេះ នៅក្នុងស្ថាប័នដ៏មានកេរ្តិ៍ឈ្មោះមួយនេះ “៕