ភ្នំពេញ ៖ ហាងម៉ាស្សាមួយកន្លែង ដែលបានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទ រហូតដល់ចង់ដុះស្លែទៅហើយ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនិតិជនបាន សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះបង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៨នាក់ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាយីហោ បាតដៃ សំរួលសរសៃបែបបុរាណខ្មែរ តាមបណ្តោយផ្លូវលេខ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
ម្ចាស់ទីតាំងហាងម៉ាស្សាលួចបង្កប់សេវាផ្លូវភេទនេះ មានឈ្មោះសុខ រតនា ភេទប្រុស អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះដួង ស្រីពៅ អាយុ២៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីអនុប្រធាននាយក ដ្ឋានការជួញដូរមនុស្ស និងកម្លាំងនគរបាលមូលដ្ឋាន។ ដោយឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៥នាក់ ម្ចាស់ទីតាំងប្តីប្រពន្ធ២នាក់ រួមទាំងបុរសម្នាក់ជាភ្ញៀវផងដែរ។
ក្រោយឃាត់ខ្លួន នារីជាជនរងគ្រោះត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្សអប់រំ ដោយឡែកជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត។ ចំពោះទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្ណោះអាសន្ន៕