ទីបំផុត ករណីភរិយាមិនព្រមផ្សំដំណេក ហើយវេចលុយបំរុងចេញទៅអូស្ត្រាលី ត្រូវបានសម្របសម្រួលបញ្ចប់ហើយ កាលពីវេលាថ្ងៃត្រង់ម៉ោងជិត១ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដោយប្តីព្រមទទួលសំណង ការត្រូវររ៉ូវគ្នានេះគឺធ្វើឡើងនៅមុខសមត្ថកិច្ចសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
មកដល់ពេលនេះ ភាគីក្រុមគ្រួសារទាំងសងខាង បានព្រមព្រៀងគ្នា ដោយភាគីខាងប្រពន្ធ ប្រមចេញថ្លៃសងបណ្ណាការចំនួន២៨០០០ដុល្លារ ហើយភាគីប្តីប្រពន្ធ ក៏បានផ្តិតមេដៃលែងលះគ្នាសម្បីបញ្ចប់រឿង។
គួរបញ្ជាក់ថា កាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់បានរៀបការនារីអាណិកជនអូស្ត្រាលី បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏រស់នៅមិនចុះសម្រុងគ្នា ហើយប្រពន្ធបម្រុងវេចលុយ៥៧.០០០ដុល្លារ ចេញទៅស្រុកគេវិញ លុះប្តីដឹងរឿងទាន់ ក៏កើតជាជម្លោះ ឈ្លោះគ្នាតាមដងផ្លូវ បណ្តាលឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ នៅមុខសណ្ឋាគារតារាអ៊ែរផត ជាប់ផ្សារទំនើបរតនៈផ្លាហ្សា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បុរសជាប្តីដែលកើតទុកមិនសុខចិត្តនេះ មានឈ្មោះ សេង ឧត្តម អាយុ២៧ឆ្នាំ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ចំណែកនារីជាភរិយា មានឈ្មោះ វិជ្ជនា សេងថា អាយុ២០ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអូស្ត្រាលី ស្នាក់នៅប្រទេសអូស្ត្រាលី។
បុរសជាប្តីបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា គាត់និងភរិយាបានស្គាល់ និងរាប់អាន រហូតដល់ស្រលាញ់បាន៣ខែមកហើយរហូតដឹងឮដល់ឪពុកម្តាយទាំងសងខាង អំឡុងពេលដែលនាងមកលេងស្រុកខ្មែរ។ លុះដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ពួកគាត់ទាំង២ក៏ព្រមព្រៀងភ្ជាប់ពាក្យជាមួយគ្នា ដោយខាងក្រុមគ្រួសារភរិយា យកថ្លៃបណ្ណាការចំនួន៥៧០០០ដុល្លារ ហើយលុយបណ្ណាការនេះ គាត់និតភរិយាក៏ព្រមព្រៀងដាក់ក្នុងធនាគារដោយប្រើឈ្មោះពួកគាត់ទាំង២ ដើម្បីទុករកសុី និងចុះអេតាសុីវិលតាមផ្លូវច្បាប់ ព្រមទាំងរត់ការយកគាត់ជាប្តីទៅរស់នៅអូស្ត្រាលីផងដែរ។ លុះដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ប្រពន្ធគាត់ក៏ត្រឡប់មកស្រុកខ្មែរ ដើម្បីត្រៀមខ្លួនចូលរោងការ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ពេលមកដល់ គាត់ក៏ទៅទទួលនាងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅស្នាក់នៅផ្ទះគាត់ ពេលនោះនាងបដិសេធមិនព្រមទៅនៅផ្ទះគាត់ទេ នាងថាចាំរៀបការជាមួយគ្នារួច ទើបនាងព្រមទៅនៅ។ បន្ទាប់មកគាត់និងគ្រួសារក៏មិនជំទាស់នោះទេ គឺស្របតាមនាង ហើយគាត់ក៏បានរៀបចំសណ្ឋាគារតារាអ៊ែរផត ឲ្យនាងស្នាក់នៅបណ្តោះអាសន្ន ដោយក្រុមគ្រួសាររបស់គាត់ គឺជាអ្នកចេញថ្លៃស្នាក់នៅហូបចុកទាំងអស់។
ប្រភពជាប្តី បានបន្តថា តាំងពីនាងមករស់នៅស្រុកខ្មែរ ត្រៅមចូលរោងការ គាត់សង្កេតឃើញថា ភរិយារបស់គាត់ ហាក់ដូចជាមិនសប្បាយចិត្ត និងប្រងើយកន្តើយមិនសូវរវីរវល់ជាមួយនឹងគាត់សោះ។ កុះដល់ថ្ងៃចូលរោងការ គឺថ្ងៃទី៣ ខែមករា គាត់និងភរិយាបានចូលរោងការតាមប្រពៃណី ដោយមានបងប្អូន សាច់ញាតិ មិត្តភក្តិចូលរួមយ៉ាងច្រើនកុះករ។ រហូតដល់កម្មវិធីចប់សព្វគ្រប់ ភរិយាគាត់នៅតែមិនព្រមទៅស្នាក់នៅផ្ទះគាត់ដដែល ទោះបីជាគ្រួសារគាត់និយាយលួងលោមនាងយ៉ាងណាក៏ដោយ ក៏នាងសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯង ៣ថ្ងៃសិន ព្រោះមិនសូវស្រួលខ្លួន គាត់និងគ្រួសារក៏ព្រមសម្របតាមនាងបន្តទៀត។ លុះដល់ថ្ងៃដែលនាងកំណត់ហើយ គឺនាងនៅតែមិនព្រមមកដេកផ្ទះគាត់ទៀត ដោយរកលេសថា ចាំថ្ងៃនេះ ចាំថ្ងៃនោះរហូត ថែមទាំងលួចយកលុយបណ្ណាការចំនួន៥៧០០០ដុល្លារ ទៅចាយវាយអស់ ដោយមិនប្រាប់គាត់មួយម៉ាត់ថែមទៀតផង ពេលគាត់សួរនាំ នាងថា លុយទាំងនោះ គឺម្តាយនាងដកយកទៅចាត់ចែងសងគេអស់ហើយ។ លុះដល់ថ្ងៃកើតហេតុ គាត់ក៏ដឹងដំណឹងថា ភរិយាបំរុងចេញទៅអូស្ត្រាលីវិញ នៅម៉ោង៥ព្រឹក ថ្ងៃទី០៩ ខែមករានេះ ស្ងាត់ៗ ដោយមិនឱ្យគាត់ដឹង ទើបគាត់បានទៅដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់កាកាបទី១ ឲ្យអាជ្ញាធរអន្តរាគមន៍។ រហូតដល់វេលាកើតហេតុ គាត់ក៏ទៅសណ្ឋាគារដែលនាងស្នាក់នៅ ស្រាប់ឃើញនាងកំពុងរៀបចំវ៉ាលីសបំរុងចេញទៅទាំងយប់ ទើបបង្កជាការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍។
ចុងក្រោយ បុរសជាប្តីបានបង្ហើបទៀតថា ការរៀបចំមង្គលការ គឺគាត់អ្នករ៉ាប់រងចំណាយទាំងស្រុង ហើយពេលរៀបការរួច លោកនិងភរិយាមិនទាន់បានផ្សំដំណេកជាមួយគ្នាសូម្បីតែម្តង។
ក្រោយពេលកើតហេតុ គូស្វាមីភរិយាមួយគូនេះ បាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការដោះស្រាយ៕