ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានករណីហិង្សាមួយបានកើតឡើង មានបុរសស្ត្រី២នាក់ បានកើតមានជំលោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតដល់ភាគីខាងប្រុសទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិតចុងស្រួច មកភ្ជង់កគំរាមស្ត្រីរងគ្រោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះឃាត់ខ្លួនជនបង្ក នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែវ ម៉េងហួរ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះនិន និត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់នំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងកាច់ ដើម្បីឱ្យជួយអន្តរាគមន៍។ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះកែវ ម៉េងហួរ បាននៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃដដែល នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការតាមនីតិវិធី៕