Saturday, July 12, 2025
Homeព័ត៌មានជាតិប្តីវ៉ៃបោចសក់ បោកដូចកង្កែបផ្ទប់ជញ្ជាំង ប្រពន្ធប្តឹងលែង

ប្តីវ៉ៃបោចសក់ បោកដូចកង្កែបផ្ទប់ជញ្ជាំង ប្រពន្ធប្តឹងលែង

ភ្នំពេញ ៖ ស្ត្រីម្នាក់រួមរស់នឹងប្តីអស់រយៈពេលជាង១០ឆ្នាំមកហើយ ឃើញថាមានសុភមង្គលល្អណាស់ ស្រាប់តែរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ ប្តីក៏ចាប់ផ្តើមប្តូរចរិត លែងយកចិត្តទុកដាក់ជាមួយប្រពន្ធកូន លុយកាក់រកបាន ដើរចាយវាយផឹកស៊ីអស់គ្មានសល់ និងថែមទាំងបង្ករឿងឈ្លោះប្រកែក ប្រើហិង្សាវាយដំប្រពន្ធគ្មានត្រាប្រណី ដោយចាប់បោចសក់ បោកដូចកង្កែប រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងទាមទារលែងលះជាមួយប្តីកំណាច ព្រោះតែខ្លាចថ្ងៃណាមួយប្តីវាយរហូតដល់ស្លាប់ខ្លួន។

ករណីប្តីវ៉ៃដំច្រំធាក់ប្រពន្ធរហូតដល់ទ្រាំលែងបានរត់ទៅប្តឹងលែងលះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ភាគីបុរសជាប្តីកំណាច ដែលប្រើអំពើហិង្សាទៅលើប្រពន្ធគ្មានត្រាប្រណី មានឈ្មោះយ៉ី តុក អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះពសអ អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងមានកូនស្រី២នាក់រស់នៅក្នុងបន្ទុក និងមានលំនៅ ផ្ទះលេខ៧៨៥ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានយំរៀបរាប់ប្រាប់ថា នាងនិងប្តី បានរៀបការនឹងគ្នាអស់រយៈពេល១២ឆ្នាំមកហើយ ដោយបង្កើត បានកូនស្រីចំនួន២នាក់ ក្នុងនោះកូនច្បងអាយុ៩ឆ្នាំ ចំណែកកូនប្អូនអាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ឃើញថា ប្តីរបស់នាង គឺជាមនុស្សចេះស្រលាញ់ថ្នាក់ថ្នមប្រពន្ធកូនខ្លាំងណាស់ និងមានទំនួលខុសត្រូវខ្ពស់ ធ្វើឱ្យក្រុមគ្រួសារនាងរស់នៅប្រកបដោយសុភមង្កលល្អណាស់។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ទើបតែចូលមកដល់អំឡុងប្រមាណ៣ឆ្នាំចុងក្រោយនេះ ប្តីរបស់នាងចាប់ផ្តើមប្រែប្រួល ផ្លាស់ប្តូរអត្តចរិតអស់ រហូតដល់យកស្រាធ្វើជាត្រីមុខ និងតែងបង្ករឿងក្នុងគ្រួសារ ព្រមទាំងប្រើអំពើហិង្សាវាយដំនាងជាប្រពន្ធសឹងរាល់ថ្ងៃទៀតផង។ ដំបូងឡើយ ប្តីរបស់នាងបានសុំទិញម៉ូតូកង់បី ដើម្បីរកនូវរបរថ្មី លុះរកលុយបានមក មិនដែលឱ្យប្រពន្ធទុកដាក់នោះទេ តែងដើរចាយវាយផឹកស៊ីអស់ៗ ផឹក​ព្រឹកស្រវឹងល្ងាច រាល់ថ្ងៃ ឱ្យតែចូលដល់ផ្ទះពេលណា តែងចងមុខដូចយក្សដាក់ប្រពន្ធកូន និយាយគ្នាស្តាប់លែងបាន រករឿងបង្កបញ្ហា គ្មានទេសុភមង្គលក្នុងគ្រួសារ។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា មិនតែប៉ុណ្ណោះ ប្តីរបស់នាង តែងប្រើអំពើហិង្សា វាយដំច្រំធាក់ រាងកាយនាងសឹងរាល់ថ្ងៃ។ លុះមកដល់យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ប្តីនេះមិនដឹងជាផឹកស្រវឹងមកពីណា គ្រាន់តេត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿងបង្កហិង្សាវ៉ៃចាប់បោកនាងជាប្រពន្ធផ្ទប់ជញ្ជាំង ដូចចាប់បោកដូចកូនកង្កែប ធ្វើឱ្យនាងទទួលរងរបួសប៉ោង ពកក្បាលពីក្រោយ និងផ្ទៃមុខ។

ស្ត្រីជាប្រពន្ធរូបនេះ បានឱ្យដឹងថា ដោយសារតែទ្រាំនឹងទង្វើ របស់បុរសជាប្តីចិត្តកំណាចឃោរឃៅរូបនេះ តទៅទៀតលែងបាន ទើបនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នេះ នាងក៏សម្រេចចិត្តរត់ទៅប្តឹងអាជ្ញាធរ ឱ្យជួយដោះស្រាយតែម្តង។ ដោយនាងបានសម្តែងនូវក្តីទុក្ខសោកពីជីវិតរស់នៅគ្មានសុភមង្គល ពេលនេះប្រកាន់គោលជំហរមួយ សម្រេចចែកផ្លូវគ្នា​ ទើបបានសុខខ្លួន។

ជុំវិញរឿងរ៉ាវខាងលើនេះ អាជ្ញាធរសង្កាត់វិញ បានបញ្ជាក់ថា ករណីនេះអាជ្ញាធរនឹងចេញលិខិតហៅអញ្ជើញភាគីបុរសជាប្តី មកសាកសួរ និងសម្របសម្រួលជាមុនសិន ចំពោះជំហរខាងប្រពន្ធប្រកាន់ចិត្តមួយថា ត្រូវតែលែងលះគ្នាយ៉ាងណានោះ អាជ្ញាធរសង្កាត់ មិនហ៊ានសម្រេចទេ មានតែផ្លូវតុលាការជាអ្នកសម្រេច៕

RELATED ARTICLES