ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ យុវជនម្នាក់បានទៅចូលរួមផឹកស៊ីនៅផ្ទះស្រីស្នេហ៍របស់ខ្លួន ដោយចតម៉ូតូទុកជាន់ក្រោម លុះផឹកស៊ីចប់ ចុះមកក្រោម វិញ បំណងត្រឡប់ទៅផ្ទះ ស្រាប់តែបាត់ម៉ូតូ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រត់ទៅប្តឹងសមត្ថកិច្ចចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់ នៅចំណុចផ្ទះបើកអ៊ីនធើរណេត មានបង្កប់ហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះកាន់ សក្ក័ណា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិត មានលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ។ ចំណែកជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះងៀប សាដទីរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានលំនៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២-ឈ្មោះតាំង សៀវហ្វុង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះលេខ៥២ ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី៣-ឈ្មោះណែម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម៉ូតូចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាក MSX ពណ៌ក្រហម ស៊េរី២០១៥ គ្មានស្លាកលេខ ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាក Kawasaki ពណ៌ខ្មៅលាយស ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខខេមរភូមិន្ទ ០១-១-៩០៧៧ ជារបស់ជនល្មើស។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នៅចំណុចផ្ទះបើកអ៊ីនធើណេតមានបង្កប់ហ្គេមបាញ់ត្រីមួយកន្លែងក្នុងខណ្ឌមានជ័យ ព្រមទាំងវត្ថុតាងយកទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕