Sunday, July 13, 2025
Homeព័ត៌មានជាតិរឿងហ្នឹងចឹងសោះ ក្រោយចាប់ឃាត់ខ្លួនប៉ូលិសផ្កាយ១ កណ្តាលថ្ងៃ

រឿងហ្នឹងចឹងសោះ ក្រោយចាប់ឃាត់ខ្លួនប៉ូលិសផ្កាយ១ កណ្តាលថ្ងៃ

ភ្នំពេញ ៖ ប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលចំនួន៥រូប ដែលក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ១រូប និង៤រូបទៀត សុទ្ធតែពាក់ស័ក្តិិ៣ និងស័ក្តិ៤ ទាំងកណ្តាលថ្ងៃ នៅលើដងផ្លូវ ទាំងកំពុងគ្រងឯកសណ្ឋាន ពាក់ស័ក្តិពេញស្មា នៅកណ្តាលចំណោមមនុស្ស កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅក្នុងទឹកដីខណ្ឌសែនសុខ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេញរាជធានីភ្នំពេញ ដោយមិន ដឹងថា តើមន្ត្រីនគរបាលទាំង៥រូបនោះ ប្រព្រឹត្ត បទល្មើសអ្វី ឬធ្វើអ្វីខុស បានជាត្រូវកម្លាំងតម្រួត បទបញ្ជា ចុះឃាត់ខ្លួនបញ្ចូលរថយន្តទាំងកំរោល បែបនេះ។

មន្ត្រីនគរបាលចំនួន៥រូប ដែលត្រូវបានឃាត់ ខ្លួននោះ សុទ្ធតែជាកម្លាំងរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ និងត្រូវបានឃាត់ខ្លួននៅខណ្ឌសែនសុខ ដោយសារតែពួកគេចុះទៅឆែកទំនិញក្នុងឃ្លាំងដ៏ធំមួយ គ្មានបទបញ្ជាពីថ្នាក់លើ គ្មានការដឹកនាំពីព្រះរាជអាជ្ញា និងពុំបានសុំកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋាន។

មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមមន្ត្រីនគរបាលដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ដំបូងឡើយ បានបើករថយន្ត២គ្រឿង ទៅឈប់នៅមុខឃ្លាំងស្តុកទំនិញដ៏ធំមួយ ស្ថិតនៅលើផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងគោលបំណងចូលទៅឆែកឆេរ ប៉ុន្តែសកម្មភាពទាំងនេះ ធ្វើឡើងដោយខុសច្បាប់ ដោយសារតែ ទី១-គ្មានលិខិតបេសកកម្ម និងបទបញ្ជាពីថ្នាក់ដឹកនាំរបស់ខ្លួន ទី២-មិនមានព្រះរាជអាជ្ញាចូលរួមដឹកនាំកម្លាំង និងទី៣-កម្លាំងទាំងនេះមិនបានចូលរួមសហការជាមួយកម្លាំងមូលដ្ឋាននោះឡើយ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុន ពេលកើតហេតុ ពួកគេទាំង៥នាក់ មុនដំបូងឡើយ ស្លៀកពាក់ស៊ីវិល ដោយសម្លៀកបំពាក់ជាឯកសណ្ឋាននគរបាល ត្រូវបានដាក់នៅក្នុងរថយន្តទាំងអស់ ប៉ុន្តែនៅពេលយករថយន្តទៅឈប់ចតមុខឃ្លាំងទំនិញ ដែលគេដឹងថា មានម្ចាស់ជាឧកញ៉ាម្នាក់ផងនោះ ក៏បានធ្វើការសួរនាំថា កម្លាំងមកពីខាងណា? ប៉ុន្តែពួកគេមិនប្រាប់ ហើយពេលសុំលេខទូរស័ព្ទ ក៏មិនឱ្យ ហើយអញ្ជើញឱ្យចូលក្នុង ក៏មិនព្រមចូល ហេតុដូច្នេះហើយ ទើបម្ចាស់ឃ្លាំងបានសុំអន្តរាគមន៍ទៅថ្នាក់លើ រហូតបញ្ជាឱ្យកម្លាំងតម្រួតបញ្ជា ចេញទៅឃាត់ខ្លួនពួកគេតែម្តង។

ប្រភពដដែលបន្តថា នៅពេលឃើញសកម្មភាពអនាធិបតេយ្យរបស់នគរបាលមួយក្រុមនេះ ថ្នាក់ដឹកនាំក៏បានសួរនាំទៅកាន់ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉ុន្តែបញ្ជាក់ថា មិននៅក្នុងអង្គភាពនោះឡើយ ទើបធ្វើការសួរនាំទៅលោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ប៉ុន្តែលោកអះអាងថា ពុំបានបញ្ជា និងផ្តល់លិខិតបេសកកម្មឱ្យពួកគេនោះទេ។

បន្ទាប់ពីដឹងថា មានអន្តរាគមន៍ពីថ្នាក់ដឹកនាំមន្ត្រីនគរបាលទាំងនេះ ក៏បានប្រញាប់ទាញឯកសណ្ឋានពីក្នុងរថយន្តមកស្លៀកពាក់ ប៉ុន្តែ ត្រូវបានកម្លាំងតម្រួតបទបញ្ជាចុះទៅចាប់ក្រៀកចូលក្នុងរថយន្តស៊ីរ៉ែន ដឹកចេញទៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនមន្ត្រីនគរបាលទាំងនោះមែន ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឱ្យត្រឡប់ទៅវិញតែម្តង។

បើតាមនាយឧត្តមសេនីយ៍ ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឱ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឱ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ។

ចំពោះបាតុភាពបែបនេះ និងក្រោយការចេញផ្សាយព័ត៌មាន នៃការឃាត់ខ្លួនពួកគេ ក៏មានមន្ត្រីសមត្ថកិច្ចដែលបានដឹងរឿង ក៏លួចបង្ហើបប្រាប់ថា ទំនងជាក្រុមដដែលនេះ កាលពីប៉ុន្មានខែមុន បានចុះទៅឆែកឃ្លាំងមួយនៅខណ្ឌដង្កោ ខណៈដែលទំនិញរបស់គេមិនទាន់ហួសសុពលភាពនៅឡើយ ដោយជំរិតទារលុយអស់ជិត១ម៉ឺនដុល្លារ។

អ្នកដែលបានដឹងរឿងទាំងអស់នេះ បានទទូចដល់អគ្គស្នងការនគរបាលជាតិ ក៏ដូចជានាយឧត្តមសេនីយ៍ មៀច សុផាន់ណា គួររឹតបន្តឹងពីកម្លាំងរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ជៀសវាងបង្កព្យុះភ្លៀង និងប្រព្រឹត្តសកម្មភាពល្មើសច្បាប់ នាំឱ្យផ្ទុះការរិះគន់៕

RELATED ARTICLES