ភ្នំពេញ ៖ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បុរសវ័យចំណាស់មានជំងឺរ៉ាំរ៉ៃប្រចាំកាយម្នាក់ ស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង ខណៈដែលប្រពន្ធមិនបាននៅជិតមើលថែ លុះចៅធម៌ចូលមកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកស្លាប់នៅលើប៉ៅអ៊ីបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចបន្ទប់ជួលលេខ២៤ ស្ថិតនៅផ្ទះលេខ២C ផ្លូវលេខ២៦៥ ក្រុម៦ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមសម្តីស្ត្រីឈ្មោះហួត សុខគីម អាយុ៤៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ត្រូវជាចៅធម៌របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជីតាធម៌របស់គាត់ (ជនរងគ្រោះ) បានមកជួលបន្ទប់ខាងលើស្នាក់នៅ២នាក់ប្តីប្រពន្ធមួយរយៈមកហើយ។ លុះរយៈពេលប្រមាណ១ខែចុងក្រោយនេះ យាយធម៌របស់គាត់មិននៅ ទើបផ្តាំឱ្យគាត់ទៅមើលតាធម៌ផង ដោយតាធម៌របស់គាត់ មានជំងឺក្រពះ ពោះវៀន សន្លាក់ និងត្រូវលេបថ្នាំលើសឈាម និងថ្នាំខ្មែរជាប្រចាំ។ ស្រាប់តែមកដល់ថ្ងៃទី១១ ខែមករាឆ្នាំ២០១៩ យាយធម៌របស់គាត់ឈ្មោះ យ៉េក អាយុ៧២ឆ្នាំ បានទូរស័ព្ទមកប្រាប់ឱ្យគាត់ទៅមើលប្តីផង ព្រោះគាត់នៅតែម្នាក់ឯងក្នុងបន្ទប់ជួល។ ពេលនោះ គាត់ក៏បានធ្វើដំណើរទៅដល់បន្ទប់ជួលរបស់ជីតា ឃើញទ្វារបន្ទប់បើកចំហរ នាងខ្ញុំក៏បានបើកកុងតាក់ភ្លើងក្នុងបន្ទប់ ស្រាប់តែឃើញជីតាធម៌របស់គាត់ដេកនៅលើប៉ៅអ៊ីផ្អែក ធ្លាក់ស្មា១ចំហៀង ទើបគាត់ប្រញាប់ស្ទុះចូលទៅស្ទាបខ្លួនមើល ឃើញថាជីតា បានស្លាប់រឹងស្តូកបាត់ទៅហើយ មិនដឹងស្លាប់តាំងពីថ្មើរណា ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ហៅអ្នកក្បែរខាងមកជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង (អាចបណ្តាលមកពីជំងឺលើសឈាម)។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕