Sunday, July 13, 2025
Homeព័ត៌មានជាតិជនជាតិណាក៏មានល្បិច... យកសាសនាជាខែល ដើម្បីប្រយោជន៍ខ្លួន

ជនជាតិណាក៏មានល្បិច… យកសាសនាជាខែល ដើម្បីប្រយោជន៍ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មានឈ្មោះសុំឆាត ឈុំឈើយ អាយុ៤៨ឆ្នាំ ជាជនជាតិថៃ រស់នៅឃុំដកម៉ាយ ស្រុកសុវណ្ណភូមិ ខេត្តរ៉យអិត ប្រទេសថៃ  ព្រោះតែវក់នឹងល្បែងខ្លាំងពេក រហូតដល់បែកគំនិត បន្លំខ្លួនធ្វើជាព្រះសង្ឃ ដើរចងខ្សែអំបោះ និងយក ព្រះជ័រជាវយកបច្ច័យ ទុកចូលលេងល្បែងកាស៊ីណូ ទីបំផុតអស់លក្ខណ៍ ក៏ត្រូវបានមន្ត្រីសង្ឃអនុគុណក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកមកណែនាំ និងចាប់ផ្សឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចបរិវេណវត្តបាលិលេយ្យ ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនជាតិថៃដែលបន្លំធ្វើជាសង្ឃ បានប្រាប់ថា រូបគេជាសង្ឃបួសនៅវត្តបានខូកយ៉ៃ ហៅវត្តដកម៉ាយ ដែលជាវត្តក្នុងស្រុក ដែលខ្លួនរស់នៅ តែដោយខាងប្រទេសថៃ សង្ឃធ្វើលិខិតឆ្លងដែនពិបាក ទើបយកលិខិតឆ្លងដែន កាលនៅជនធម្មតាមកប្រើ ដើម្បីឆ្លងដែនទៅ។

ប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមក គេធ្លាប់ឃើញជនជាតិថៃដែលបន្លំជាព្រះសង្ឃខាងលើនេះ ដើរបិណ្ឌបាត និងយកអំបោះដើរចងដៃពលរដ្ឋយកលុយ និងជាវព្រះយកបច្ច័យផង ព្រមទាំងដើរលេងល្បែងតាមកាស៊ីណូផងដែរ។

មន្ត្រីសង្ឃអនុគុណក្រុងប៉ោយប៉ែត បាសម្រេចឃាត់ឱ្យស្លៀកពាក់ខោអាវ ដោះស្បង់ចីវរចេញ និងទុកសម្ភារៈសាសនាមួយចំនួន ដូចជា ព្រះជ័រតូចៗ អំបោះចងដៃជាច្រើន ព្រមទាំងថង់យាម សំរាប់ទុកជាវត្ថុតាង និងទំនាក់ទំនងទៅកាន់អន្តោប្រវេសន៍ មកទទួលត្រលប់ទៅប្រទេសថៃ វិញ៕

RELATED ARTICLES