ខេត្តតាកែវ ៖ ករណីហិង្សាមួយ បានកើតឡើង ដោយ ស្ត្រីម្នាក់បានតាមទៅទារលុយពីបុរសម្នាក់ដែលជំពាក់ខ្លួនមួយរយៈមកហើយ តែមិនព្រមសងវិញសោះ ស្រាប់តែទៅដល់ បុរសជាកូនបំណុលមិនត្រឹមតែមិនសងលុយនោះទេ តែថែមទាំងលួងលោមហៅទៅកាប់ចេកនៅក្រោយផ្ទះរបស់ខ្លួន រួចក៏ទាញកាំបិតកាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ប៊ិះស្លាប់។ ហេតុការណ៍បានធ្វើឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង២៥នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់។
ជនសង្ស័យដែលកាប់ម្ចាស់បំណុលប៊ិះស្លាប់ ព្រោះតែខឹងគេមកទារលុយនេះ មានឈ្មោះយុង ដុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះម៉ៅ គឹមហឿន ហៅប៉ិច ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំជាមួយគ្នា (រងរបួសធ្ងន់ត្រង់កញ្ចឹងក និងក្បាល)។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលឈានដល់ការបង្កហិង្សានេះ គឺមកពីរូបគេខឹងនឹងជនរងគ្រោះដែលមកទារប្រាក់ដែលរូបគេជំពាក់ ចំនួន៣៦៥០០រៀល។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕