ខេត្តកណ្តាល ៖ សាឡង់បូមខ្សាច់មួយគ្រឿង របស់ជនជាតិវៀតណាម បើកបរមិនប្រយ័ត្ន បានបុកទូករបស់ពលរដ្ឋ ដែលកំពុងនេសាទត្រី បណ្តាលឱ្យលិច និងបាត់ខ្លួនក្មេងប្រុសអាយុ២ឆ្នាំម្នាក់ ចូលទៅក្នុងទឹក ដែលមិនមានសង្ឃឹមរស់ឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកខាងលើនេះ បានកើតឡើងនាវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិ ព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលចរាចរស្រុកខ្សាច់កណ្តាល បានឱ្យដឹងថា សាឡង់ដឹកខ្សាច់បង្កហេតុ ពណ៌បៃតងចាស់ បើកបរដោយឈ្មោះចាំ យុំសឺង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម មានអ្នករួមដំណើរម្នាក់ ឈ្មោះតាំ ធី ភេទស្រី អាយុ៣៦ឆ្នាំ។ អ្នកទាំង២នាក់ មានលំនៅក្នុងខេត្តតាំងថាន់បេ ប្រទេសវៀតណាម រីឯទូកនេសាទត្រីរបស់ពលរដ្ឋ១គ្រឿង ពណ៌បៃតងលាយខៀវ បើកបរដោយឈ្មោះ ស្លេស ម៉ូសា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានអ្នករួមដំណើរជាមួយគ្នា៣នាក់ ទី១-ឈ្មោះយូ មៃយ៉ាន ភេទស្រី អាយុ២៩ឆ្នាំ ទី២-ឈ្មោះម៉ូ សាគីរីន ភេទប្រុស អាយុ៧ឆ្នាំ និង៣-ឈ្មោះម៉ូ សាហារ៉ូន ភេទប្រុស អាយុ២ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ)។ ជនរងគ្រោះទាំង៤នាក់ មានលំនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះកំពុងនេសាទត្រីក្នុងទន្លេ ខណៈនោះ ក៏មានសាឡង់ដឹកខ្សាច់មួយគ្រឿង បើកដោយជនជាតិវៀតណាម បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន បានបុកពន្លិចតែម្តង និងបណ្តាលឱ្យក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បាត់ខ្លួនចូលក្នុងទឹកទន្លេ រីឯ៣នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់។
ក្រោយពីកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ជួយចាត់ចែងយកមធ្យោបាយពាក់ព័ន្ធ និងអ្នកបើកបរសាឡង់បង្កហេតុ យកមករក្សាទុកទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះ។ រីឯក្មេងប្រុស ដែលបានបាត់ខ្លួន សមត្ថកិច្ចសហការជាមួយក្រុមគ្រួសារ ចុះរាវរកសពយកមកធ្វើបុណ្យតាមប្រពៃណី៕