បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥០នាទី កម្លាំងជំនាញការិយាល័យបទល្មើសជួញដូរមនុស្ស បានចាប់ខ្លួនបុរសម្នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹកដីប្រទេសថៃ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ឈ្មោះ អែល អ៊ឹម ភេទ ប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ថ.ស.ជ ភេទស្រី អាយុ១៨ឆ្នាំ។ អ្នកទាំង២រស់នៅ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
តាមការបំភ្លឺរបស់ជនរងគ្រោះ ឈ្មោះ ថ.ស.ជ ភេទស្រី អាយុ១៨ឆ្នាំ បានឲ្យដឹងថា ម្តាយរបស់នាងជាអ្នកធ្វើការនៅថៃ បម្រើការងារនៅតាមផ្ទះ (ផ្ទះរបស់ជនសង្ស័យ) ដោយមើលឃើញការងារអាចរកថវិកាបានសមល្មម ម្តាយនាងបានសុំជនសង្ស័យខាងលើ យកខនាងទៅធ្វើការងារជាមួយដែរ (គោលបំណងកន្លែងផ្សេង) លុះចូលដល់ទឹកដីថៃ នាងក៏ត្រូវជនសង្ស័យឲ្យស្នាក់នៅកន្លែងមួយ ដែលជនសង្ស័យជាអ្នករៀបចំជាមួយនិងប្រពន្ធរបស់ជនសង្ស័យ តែពេលដែលប្រពន្ធជនសង្ស័យបានចូលបន្ទប់ទឹក ស្រាប់តែជនសង្ស័យបានមករក ពេលនាងកំពុងដេកលក់ ក៏បានពោបពីលើនាង ពេលនោះនាងបានព្យាយាមរើបម្រះខ្លួន រត់ទៅឲ្យប្រពន្ធជនសង្ស័យជួយ លុះដល់យប់បន្ទាប់ ពេលនាងកំពុងដេកលក់ ជនសង្ស័យបានចាប់រំលោភខ្លួន រហូតបានសម្រេច០១លើក និងបានគំរាមថា បើប្រាប់អ្នកទី៣ ឲ្យដឹង ជនសង្ស័យនឹងធ្វើបាបមិនឲ្យរួចខ្លួនឡើយ ហើយជនសង្ស័យបានរំលោភមកលើនាងថែមទៀត រហូតសម្រេចបាន០៤លើក ដោយមានការភ័យខ្លាច នាងក៏យកអីវ៉ាន់រត់ចេញពីកន្លែងរបស់ជនសង្ស័យទៅរស់នៅកន្លែងផ្សេង ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានអោយដឹងថា យោងពាក្យបណ្តឹងរបស់ម្តាយរបស់ជនរងគ្រោះ អាយុ៥៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងដោយអនុវត្តន៍ទៅតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៥អ.យ.ខ របស់លោកតេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស ចុះប្រតិបត្តិការបង្រ្កាបករណីខាងលើ រហូតឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ ឈ្មោះ អែល អ៊ឹម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា “ខ្លួនពិតជាបាននាំជនរងគ្រោះទៅធ្វើការនៅប្រទេសថៃ និងបានស្នាក់នៅជាមួយគ្នាចំនួន០៤ថ្ងៃ ដោយឃើញជនរងគ្រោះនៅក្មេង និងស្រស់ស្អាត ខ្លួនទ្រាំមិនបានក៏ចាប់បង្ខំរំលោភនាង ដោយគិតថា នៅប្រទេសថៃ មិនអាចមានបញ្ហាអ្វីនោះទេ”។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕