ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានលង់ស្នេហ៍យុវជនម្នាក់អស់ពីចិត្តពីថ្លើម រហូតដល់ហ៊ានលះបង់ខ្លួនប្រាណ ទោះមិនទាន់បានក្រាបក្បាលដល់កន្ទេល បំពេញមុខឪពុកម្តាយក្តី ទីបំផុត ខាងប្រុសដោះដៃគេចវេះមិនព្រមទទួលខុសត្រូវ ធ្វើឱ្យខាងស្រីឈឺចិត្តស្អិតទ្រូង គិតខ្លីប៉ុនប៉ងសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
នារីរូបស្រស់ដែលប៉ុនប៉ងគិតខ្លី ព្រោះតែតូចចិត្តនឹងប្រុសព្រានបោកប្រាស់ទាំងចិត្ត ទាំងកាយនេះ មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណ២៣ឆ្នាំ។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ នាងមិនដែលមានគំនិតចង់មានស្នេហាអ្វីនោះឡើយ រហូតដល់ថ្ងៃមួយ មានយុវជនសង្ហាម្នាក់ បានតាមចែចង់សុំស្នេហ៍នាង ដោយប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែម រហូតដល់ធ្វើឱ្យនាងទន់ចិត្តលង់ស្នេហ៍ ព្រមទទួលយកគ្នាជាសង្សារ ហៅគ្នាអូនបងឡើងផ្អែមរលួយ។ ក្រោយពីស្រលាញ់ចិត្តនឹងចិត្តអស់រយៈពេល៤ខែ ស្រាប់តែប្រុសស្នេហ៍បានបបួលនាងទៅលេងខេត្តព្រះសីហនុ ដើម្បីបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែម រហូតដល់ក្លាយជារងើកភ្លើងស្នេហ៍ឆាបឆេះរោលរាល ធ្វើឱ្យនាងសុខចិត្តលះបង់ព្រហ្មចារីជូនប្រុសជាទីស្រលាញ់នៅពេលនោះតែម្តង។
នារីរងគ្រោះ បន្តថា ក្រោយពីបានខ្លួនប្រាណនាងម្តង ខាងប្រុសចេះតែប្រលោមលួងលោមសុំនាងជាបន្តបន្ទាប់ ចំណែកនាងក៏មិនកំណាញ់អ្វីដែរ រហូតដល់ជ្រុលខ្លួនមានផ្ទៃពោះលើកទី១ និងត្រូវខាងប្រុសលួងលោមឱ្យនាងទម្លាក់ចោល រីឯនាងក៏មិនប្រកែកដែរ ព្រោះមិនចង់ទុកកូនដូចគ្នា ព្រោះខ្លាចដឹងរឿងដល់ចាស់ទុំ (ទុំមុនស្រគាល) ខ្លាចមានរឿងល្អក់កករក្នុងគ្រួសារ។ ក្រោយមក នាងនិងយុវជនជាសង្សាររូបនោះ បានរួមរស់នឹងគ្នាប្រៀបបាននឹងប្តីប្រពន្ធអ៊ីចឹង អស់រយៈពេល៤ឆ្នាំ ក៏ចាប់ផ្តើមភ្លាត់ស្នៀតមានកូនជាលើកទី២។ លុះពេលពពោះ២ខែ ដោយខ្លាចម្តាយឪពុកដឹង នាងក៏បានរត់ចេញពីផ្ទះ ទៅរកប្រុសស្នេហ៍ ដោយលែងគិតខ្វល់ពីកិត្តិយសជាកូនស្រីទៀតហើយ។
នារីរងគ្រោះខាងលើ បានឱ្យដឹងទៀតថា លុះក្រោយមក សេចក្តីស្នេហារបស់នាងចេះតែមានរឿងរកាំរកូសមិនចេះអស់មិនចេះហើយ ជួបមុខគ្នាឈ្លោះប្រកែកគ្នាគ្រប់ពេល រកសេចក្តីសុខមិនឃើញឡើយ។ មូលហេតុ ក៏ដោយសារតែខាងប្រុសមានបំណងគេចវេះមិនទទួលខុសត្រូវ ទើបចេះតែរករឿងឈ្លោះ ដើម្បីជាលេស ដោះដៃពីនាង។ ក្រោយពីត្រូវប្រុសស្នេហ៍បោះបង់ មិនទទួលខុសត្រូវទាំងខ្លួន ទាំងកូនក្នុងផ្ទៃ ទើបធ្វើឱ្យនាងកើតមានអារម្មណ៍ធុញថប់ គិតខ្លីប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវបានក្រុមគ្រួសារដឹងទាន់ ក៏ព្យាយាមជួយលួងលោមនិងរារាំង មិនឱ្យកូនស្រីមានគំនិតខ្លីបែបនេះឡើយ។
ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ ក្រុមគ្រួសារនារីខាងលើ បានបង្ហាញជំហរទទូចឱ្យខាងប្រុស ត្រូវចូលខ្លួនមកដោះស្រាយជាមួយនឹងកូនស្រីរបស់គាត់ ព្រមទាំងកូននៅក្នុងផ្ទៃ២ខែ នេះផង ព្រោះវាជាតំណក់ឈាមរបស់ពួកគេទាំង២នាក់ ដែលផ្តើមឡើងដោយសារចិត្តស្រលាញ់រៀងខ្លួន។
ជាមួយនេះ ស្ត្រីជាម្តាយនារីខាងលើ បានបង្ហាញនូវទឹកចិត្តសន្តោសប្រណី លើកលែងទោសឱ្យកូនស្រីគ្រប់ពេលវេលាទាំងអស់ សំខាន់ឱ្យតែកូនស្រី ព្រមភ្ញាក់ខ្លួនដឹងកំហុស និងត្រឡប់មករួមរស់ជុំគ្រួសារវិញ។ ចំណែកបញ្ហាអ្វីទៀត ឪពុកម្តាយ ក្រុមគ្រួសារ នឹងព្យាយាមជួយដោះស្រាយឱ្យអស់ពីលទ្ធភាព តែសុំម៉្យាងគត់ គឺសុំកុំឱ្យកូនស្រី មានគំនិតខ្លីបែបនេះតទៅទៀត ត្រូវដឹងថា មានមនុស្សជាច្រើនកំពុងរង់ចាំផ្តល់ក្តីស្រលាញ់ឱ្យនាង ពិសេសកូនក្នុងផ្ទៃត្រូវការភាពកក់ក្តៅពីម្តាយខ្លាំងណាស់៕