ខេត្តកណ្តាល ៖ ស្ត្រីចងការប្រាក់ម្នាក់ ត្រូវបានឃាតករសម្លាប់យ៉ាងសាហាវឃោរឃៅនៅក្នុងផ្ទះ ប្លន់យកលុយ គ្រឿងអលលង្ការ ខណៈដែលប្តីបានដើរចេញទៅកាត់សក់ ស្រាប់តែមកវិញឃើញប្រពន្ធដេកដួលស្លាប់ក្នុងផ្ទះ យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង។

ជនរងគ្រោះដែលត្រូវឃាតករសម្លាប់ មានឈ្មោះ ឈុន ទូ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរចងការប្រាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកឃាតករ ពេលសម្លាប់ប្លន់យកលុយបានហើយ រត់គេចខ្លួនបាត់ស្រមោល។
តាមការបំភ្លឺរបស់ប្ដីជនរងគ្រោះឈ្មោះ វង្ស សម្បត្តិ អាយុ៥៤ឆ្នាំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦និង០០នាទី គាត់បានទៅធ្វើការ ទុកប្រពន្ធនៅផ្ទះតែម្នាក់ឯង លុះដល់វេលាកើតហេតុ ម៉ោង១៧និង១៥នាទី គាត់បានត្រឡប់មកផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខបើកចំហរ គាត់បានឈប់ម៉ូតូ អូសម៉ូតូចូលទៅក្នុងផ្ទះ រួចបានដើរទៅផ្ទះបាយខាងក្រោយ។ បន្ទាប់មក គាតបានដើរទៅកាត់សក់ តែមិនទាន់បានកាត់សក់ទេ ព្រោះជាងជាប់រវល់ គាត់ក៏បានដើរត្រឡប់មកផ្ទះវិញ ពេលបើកទ្វារបន្ទប់ បានឃើញប្រពន្ធដេកដួលទៅនឹងការ៉ូ រួចបានបីត្រកងប្រពន្ធមកក្រៅ ទើបដឹងថាប្រពន្ធបានស្លាប់បាត់ទៅហើយ ភ្លាមៗនោះ លោកក៏បានរួចរាយការណ៍ទៅសមត្ថកិច្ចផងដែរ។
ពេលសមត្ថកិច្ចមកដល់ផ្ទះកើតហេតុ ក៏បានបង្កើតគណៈកម្មការពិនិត្យ រួមមាន អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យកោសល្យវិច័យខេត្ត ជំនាញស្រុក ដើម្បីពិនិត្យទៅលើសាកសពឃើញថា សាកសពមានស្នាមរលាត់លើចង្ការខាងឆ្វេង ប្រវែង១សង់ទីម៉ែត្រ រលាត់នៅលើស្លាបច្រមុះខាងស្ដាំ រលាត់លើផ្នែកចង្កាខាងក្រោម ប្រវែង១សង់ម៉ែត្រ មានស្នាមជាំនៅលើក្បាលជង្គង់ខាងឆ្វេង មានស្នាមរលាត់ចង្វែកមេដៃខាងឆ្វេង រីកប្រស្រីភ្នែក (ប្រឹង) មានស្នាមបែកបបូរមាត់លើក្រោម សាកសពមានកំពស់១.៥២ម៉ែត្រ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។
សម្ភារបាត់បង់ ប្រាក់ដុល្លារ៣មុឺនដុល្លារ, ប្រាក់រៀល២លានរៀល, ខ្សែកមាស ២ខ្សែ ទម្ងន់២តម្លឹង, ចិញ្ចៀនមាស ១វង់ ទម្ងន់៥ជី, ខ្សែដៃមាស ១ខ្សែ ទម្ងន់១ជី។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តកិច្ចការស្រាវជ្រាវ និងស៊ើបអង្កតបន្តតាមនីតិវិធី៕