Monday, July 14, 2025
Homeព័ត៌មានជាតិណាត់ជួប ប្រពន្ធមិនមក ប្តីខឹងជះទឹកអាសុីដស្រោចប្រពន្ធនិងកូន

ណាត់ជួប ប្រពន្ធមិនមក ប្តីខឹងជះទឹកអាសុីដស្រោចប្រពន្ធនិងកូន

ខេត្តកណ្តាល ៖ បុរសជាប្តីម្នាក់បានប្រើអំពើហិង្សា ជះទឹកអាសុីដទៅលើប្រពន្ធកូនអាយុទើបតែ១ខួប៦ខែ និងនារីម្នាក់ ដោយសារតែបុរសជាប្តីខឹងប្រពន្ធមិនមកជួប ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង០០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះទាំង៣នាក់ ទី១. មានឈ្មោះ រ៉ា ស្រីនិច្ច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសស្រាល) ទី២. ឈ្មោះ ម៉ៃ ស្រីឡា ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសស្រាល) និងទី៣. ឈ្មោះ ណាន ឈាវ ភេទប្រុស អាយុ១ឆ្នាំ៦ខែ ជនជាតិខ្មែរ ជាកូនរ៉ា ស្រីនិច្ច (របួសធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ អ្នកទាំង៣ រស់នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យ ឈ្មោះអ៊ុក កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតម្លើងរោងការនៅឯភ្នំពេញ មានមានស្រុកកំណើតនៅខេត្តកំពត (ត្រូវជាប្តីរ៉ា ស្រីនិច្ច) កំពុងគេចខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកប្តីប្រពន្ធមួយគូនេះ តែងតែឈ្លុំោះប្រកែកគ្នា និងបានប្រើប្រាស់អំពើហិង្សាជាញឹកញាប់ ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ។ ដោយទ្រាំលែងបាន នារីជាប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ ឯភូមិដុល ឃុំសន្លុង។ ក្រោយមក បុរសជាប្តី ឈ្មោះអ៊ុក កុម្ភៈ តែងតែមករករឿង និងធ្លាប់និយាយគំរាមប្រពន្ធថា នឹងជះទឹកអាស៊ីតដាក់នៅថ្ងៃណាមួយ ។

ប្រភពបានបន្តថា លុះមកដល់ថ្ងៃកើតហេតុខាងលើ គឺថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បុរសជាប្តីបានតេទូរសព្ទ័មកប្រពន្ធជាច្រើនដង ឲ្យទៅជួបនៅតំបន់7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ប៉ុន្តែប្រពន្ធមិនព្រមទៅជួប ពេលនោះបុរសជាប្តី បាននិយាយថា បើមិនទៅជួប ប្រាកដជាមានរឿងរ៉ាងនឹងគ្នាមិនខាន។ លុះដល់ម៉ោង ១៩និង០០នាទីយប់ថ្ងៃដដែល នារីជាប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច និងនារីម្នាក់ទៀត ឈ្មោះម៉ៃ ស្រីឡា បានពរក្មេងប្រុស ឈ្មោះណាន ឈាវ បណ្តើរគ្នាទៅទិញម្ហូបនៅខាងកើតផ្ទះ។ ពេលទិញរួច ក៏ដើរត្រឡប់មកផ្ទះវិញ ពេលកំពុងដើរតាមផ្លូវ ក៏លេចមុខបុរសជាប្តី ឈ្មោះអ៊ុក កុម្ភៈ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៤ មិនចាំស្លាកលេខ ពាក់អាវពណ៌ទឹកប៊ិច ជិះពីទិសលិចទៅខាងកើត ឬសាប់តែយកទឹកអាសុីដដែលមានក្នុងដៃស្រាប់ ជះទៅលើអ្នកទាំង៣ បណ្តាលឲ្យត្រូវមុខកូនប្រុស ឈ្មោះណាន ឈាវ រង
របួសធ្ងន់, នារីជាប្រពន្ធឈ្មោះ រ៉ា ស្រីនិច្ច រងរបួសស្រាល និងឈ្មោះម៉ៃ ស្រីឡា រងរបួសស្រាល។ ភ្លាមៗដែរនោះ បុរសជាប្តីបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានដល់ដល់ ក៏បានហៅឡានសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែក តែដោយសារស្ថានភាពកុមារារងគ្រោះធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្តមកព្យាបាលនៅពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ តែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញ បានចុះកសាងសំណុំរឿង និងស្វែងរកចាប់ខ្លួនជនសង្ស័យជាប្តី មកផ្តន្ទាទោសចាត់ការតាមនីតិវិធីច្បាប់៕

 

RELATED ARTICLES