ខេត្តព្រៃវែង ៖ បុរសម្នាក់ មានឈ្មោះមេន ណុច អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ លុះក្រោយពីកើតមានទំនាស់ ក្នុងគ្រួសារតិចតួច ក៏រត់ទៅផ្ទះប្អូនស្រីរបស់ខ្លួនចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ បងប្រុសរបស់គាត់បានកើតមានទំនាស់ក្នុងគ្រួសារតិចតួច ក៏បានធ្វើដំណើរមក ផ្ទះរបស់ប្អូនស្រី លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញបងប្រុសបានចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ប្អូនស្រីតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួន ប្រាកដមែន ដោយប្រើក្រមាចម្រុះពណ៌ (ក្រហម ស ខៀវ) ចងកភ្ជាប់នឹងធ្នឹមផ្ទះ បណ្តាលឱ្យស្លាប់។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕